តើ​ការអភិវឌ្ឍ​ក្រុង​រណប​ផ្តល់​អត្ថប្រយោជន៍​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​អ្វីខ្លះ?

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​បាន​អះអាងថា ការអភិវឌ្ឍ​ទីក្រុង​រណប​គឺ​រឿង​ចាំបាច់​មួយ​សម្រាប់​ប្រទេស​កំពុង​រីកចម្រើន ដូចជា កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ និង​កំណើនប្រជាជន ខណៈ​អ្នករក​ទទួលទាន​ក្នុង​វិស័យ​អចលនទ្រព្យ អាច​ទាញ​ប្រយោជន៍​បាន​ច្រើន ពី​គម្រោង​អភិវឌ្ឍ​ក្រុង​រណប​នានា ដែល​បាននិងកំពុង​អភិវឌ្ឍន៍​នៅ​កម្ពុជា។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ ឡាក់​គី រៀល​ធី លោក​ឌឹ​ត ច​ណ្ណា​បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាល​ចុង​សប្តាហ៍​កន្លងមកនេះ​ថា ការអភិវឌ្ឍ​ទីក្រុង​រណប​គឺ​ការអភិវឌ្ឍ​មួយ​ចាំបាច់ ដោយសារ​នៅពេល​មួយ​មានការ​អភិវឌ្ឍ​ឆ្អែត ហើយ​ចំនួន​ប្រជាជន​កើនឡើង​ច្រើន​នៅ​កណ្តាល​ក្រុង វា​ទាមទារ​ឱ្យមាន​ការអភិវឌ្ឍន៍​បែបនេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​បន្តថា “ចំនួន​ប្រជាជន​កើនឡើង​ច្រើន ធ្វើឱ្យ​តំបន់​នៅ​កណ្តាល​ក្រុងមាន​ភាព​ចង្អៀត ដូច្នេះ​ការវិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប ជា​ត្រូវការ​ជា​ចាំបាច់ ហើយ​វា​ក៏​ជា​ឱកាស​សម្រាប់ អ្នកវិនិយោគ​ទីក្រុង​រណប​ដើម្បី​រកប្រាក់​ចំណេញ” ។

តំបន់​ណា​មានការ​អភិវឌ្ឍ ប្រជាពលរដ្ឋ​ទទួលបាន​អត្ថប្រយោជន៍ ដូចជា​ការជួយ​ដល់​អាជីវកម្ម​របស់​ពួកគាត់​បង្កើត​កំលាំង​ការងារ និង​ការរៀប​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​បានល្អ ហើយ​មួយវិញទៀត​ធ្វើឱ្យ​ដី​តំបន់​នោះ មានការ​ឡើងថ្លៃ។

លោក​សាស្ត្រាចារ្យ​ទួ​ស សា​ភឿន អគ្គលេខាធិការរង នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា​បាន​ធ្លាប់​ថ្លែង​ប្រាប់ថា ភ្នំពេញ​គឺជា​បណ្តុំ​នៃ​សេដ្ឋកិច្ច ហើយ​ជា​ចំណុចកណ្តាល​មួយ ដែលមាន​ការវិនិយោគ ការរស់នៅ និង​ការធ្វើ​ពាណិជ្ជកម្ម​ច្រើន ដូច្នេះ​នឹងមាន​តម្រូវការ​ទីផ្សារ​ខ្ពស់។

លោក​បាន​ថ្លែងថា “យើង​គិតថា ទីក្រុង​ភ្នំពេញ​មាន​ទំហំ​ធំ ប៉ុន្តែ​សម្រាប់​ខ្ញុំ​គិតថា​វា​មិនធំ​នោះទេ។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ឥទ្ធិពល​នៃ​ទីក្រុង​ភ្នំពេញ បាន​រីកសាយ​ទៅ​តំបន់​ជិតខាង ដែល​នឹង​ធ្វើឱ្យ​ទីក្រុង​ភ្នំពេញ ត្រូវការ​ពង្រីក​ខ្លួន​បន្ថែម ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទាំងអស់​ទាំង​នេះ” ។

លោក​លើក​បែបនេះ សំដៅ​កាន់​តម្រូវការ​ទីផ្សារ កំណើនប្រជាជន និង​កំណើនសេដ្ឋកិច្ច។

លោក​បាន​ថ្លែង​ទៀតថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ ការសាងសង់​អាគារខ្ពស់ៗ បាន​កើតឡើង​ច្រើន ហើយ​ទោះបី​ជាមាន​វិបត្តិ​កូ​វីដ១៩ ការសាងសង់​អាគារខ្ពស់ៗ នៅតែ​កើតឡើង ប៉ុន្តែ​មិន​ច្រើន​ដូច​មុន​សម័យ​កូ​វីដ​នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here