ដោយៈ លក្ខិណា
ភ្នំពេញៈ អ្នកជំនាញ ក៏ជាដូចជាវិនិយោគិនក្នុងស្រុកជាច្រើន បានរំពឹងថាកម្ពុជានឹងអាចទទួលបានវិនិយោគិនបរទេសចូលមកវិនិយោគ នៅក្នុងប្រទេសកម្ពុជាឡើងវិញ ក្នុងវិស័យអចលនទ្រព្យ ក៏ប៉ុន្តែដល់អំឡុងចុងខែកុម្ភៈ ២០២១ កម្ពុជាក៏បានជួបប្រទះនឹងវិបត្តិកាន់តែធ្ងន់ធ្ងរបន្ថែមទៀត គឺការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍២០ កុម្ភៈ ហើយការរំពឹងពីការទទួលបានវិនិយោគិនមកវិញ នោះហាក់រសាត់ឆ្ងាយទៅវិញ។
លោកឌឹត ចណ្ណាប្រធានក្រុមហ៊ុនអចលនទ្រព្យ ឡាក់គីបានមានប្រសាសន៍៍ឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៩ មេសានេះថា ការវិលចូលមកវិញនៃវិនិយោគិនបរទេសមកកាន់កម្ពុជា គឺអាស្រ័យទៅលើការគ្រប់គ្រងស្ថានភាពកូវីដ ១៩នៅក្នុងប្រទេសកម្ពុជា និងតំបន់ ។ ពាក់ព័ន្ធជាមួយនឹងការវិនិយោគពីខាងក្រៅ គឺវាពាក់ព័ន្ធនឹងស្ថានភាពកូវីដ១៩នៅក្នុងតំបន់និងនៅលើពិភពលោក។
លោកបន្តថា “បើសិនជាស្ថានភាពរាលដាលខ្លាំងនៅក្នុងតំបន់ និងនៅលើពិភពលោក កម្ពុជានៅតែមិនអាចទទួលបានវិនិយោគិន មកបណ្ដាក់ទុនវិនិយោគដដែល”។លោកបន្តថា “នៅក្នុងតំបន់គឺផ្ដោតទៅលើជនជាតិចិន បើសិនជាចិនបានបន្ធូរបន្ថយលក្ខខណ្ឌ ឱ្យវិនិយោគិនអាចចេញចូលស្រុកដោយធូរ នោះចិននឹងចេញធ្វើដំណើរទៅរកការវិនិយោគហើយកម្ពុជា ក៏នឹងទទួលបានការវិនិយោគពីចិនដែរ តែកម្ពុជាត្រូវទប់ស្កាត់ការឆ្លងក្នុងសហគមន៍ឱ្យបានជាមុនសិន”។
បើសិនជាស្ថានភាព កូវីដ១៩នៅក្នុងតំបន់អាស៊ាន មិនទាន់ប្រសើរ ចិនក៏មិនអាច ឱ្យពលរដ្ឋខ្លួនចេញក្រៅប្រទេសដោយសេរីនោះដែរ គេត្រូវការពារវិនិយោគិននិងទេសចររបស់ពួកគេ។
លោកឌឹត ចណ្ណាបានបន្ថែមថា នៅក្នុងឆ្នាំ ២០២១នេះ កម្ពុជាពិបាកនឹងទទួលបាននូវការវិនិយោគពីខាងក្រៅណាស់ ដូច្នេះរាល់ការវិនិយោគទាំងឡាយណា នៅក្នុងប្រទេសកម្ពុជា នៅតែពឹងផ្អែកលើវិនិយោគិនក្នុងស្រុកដដែល ហើយក្នុងអំឡុងនៃវិបត្តិនេះ អ្នកវិនិយោគក្នុងស្រុកគឺជាអ្នក ដែលចូលរួមសំខាន់ក្នុងសេដ្ឋកិច្ចជាតិ ព្រោះបើពុំមានការវិនិយោគក្នុងស្រុកស្រុកនោះ សេដ្ឋកិច្ចកម្ពុជានឹងប៉ះពាល់កាន់តែធ្ងន់។
កាលពីដើមឆ្នាំ២០២១ កម្ពុជាហាក់ទទួលបានសញ្ញាវិជ្ជមាន ពីការបញ្ចប់វិបត្តិកូវីដ១៩ រំពឹងថាមានការវិនិយោគឡើងវិញ ។ ក្នុងរយៈពេលជិត២ខែនៃដើមឆ្នាំ២០២១ វិនិយោគិនក្នុងស្រុក បានចាប់ផ្ដើមជាមួយនឹងគម្រោងអភិវឌ្ឍន៍របស់ខ្លួន ដែលបានពន្យារកាលពីឆ្នាំ២០២១កន្លងទៅ តែបន្ទាប់ពីមានការឆ្លងក្នុងសហគមន៍ជាថ្មី ការវិនិយោគនានាត្រូវបានរង្គោះរង្គើជាថ្មី និងកាន់តែធ្ងន់ធ្ងរថែមទៀត។
លោកស្រីអាន សុធីតាអ្នកឯកទេសអចលនទ្រព្យអន្តរជាតិ និងអតីតនាយិកាក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ថា ការចូលមករបស់វិនិយោគិនបរទេសនៅឆ្នាំនេះ មិនទាន់ចាប់ផ្តើមនៅឡើយទេ ប៉ុន្តែអ្នកវិនិយោគបរទេសធំៗអាចចូលមកកាន់កម្ពុជានៅឆ្នាំនេះ ប្រសិនជាវិបត្តិកូវីដ១៩បញ្ចប់នាពេលឆាប់ៗ។
លោកស្រីបន្តថា “បញ្ហាគឺថាពួកគាត់បារម្ភពីសុវត្ថិភាពរបស់ពួកគាត់ លើការធ្វើដំណើរ ហេតុនេះពួកគេមិនទាន់បានត្រៀមខ្លួន សម្រាប់ការមកកាន់កម្ពុជានៅឡើយទេ”៕