ដោយៈ លក្ខិណា
ភ្នំពេញៈ មកដល់សម័យនេះហើយ ការជំពាក់បំណុលគេ វាមិនមែនជារឿងអាក្រក់នោះទេ តែអ្វីដែលអាក្រក់នោះ គឺការយកបំណុលមកប្រើប្រាស់ចំគោលដៅដែរឬអត់។
លោកង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងជាសេដ្ឋវិទូនៃកម្ពុជាមួយរូបបានលើកឡើងថា លោកមិនសូវចូលចិត្តគិតរឿងបំណុលទេ ត្បិតអីលោកច្រើនផ្ដោតការគិតលើបំណុលល្អ ដែលនាំឱ្យចម្រើនច្រើនជាង ។ បើបំណុលនាំឱ្យចម្រើន មិនចាំបាច់ដោះបំណុលនោះទេ ខ្ចីកាន់តែច្រើនរីកចម្រើនកាន់តែខ្លាំង។
លោកបន្តថា “មកដល់ពេលនេះ អ្នកមានធនធានតិចជំពាក់បំណុលត្រឹមខ្ទង់រយឬពាន់ដុល្លារ អ្នកមានធនធានមធ្យម ជំពាក់បំណុលត្រឹមខ្ទង់ម៉ឺនដុល្លារ ហើយសេដ្ឋីប្រាក់លានវិញជំពាក់បំណុលរាប់លានដុល្លារអាមេរិក។ លោកបន្តថា “នេះជារឿងធម្មតារបស់ពលរដ្ឋនៅក្នុងសេដ្ឋកិច្ចបែបហិរញ្ញវត្ថុ ប៉ុន្តែត្រូវពិនិត្យមើលលទ្ធភាពនៃការសងត្រលប់ទៅវិញ។
លោកបានលើកឡើងថា សម័យនេះហើយ ការមិនមានជំពាក់បំណុលសោះ ក៏ជាឥរិយាបថហិរញ្ញវត្ថុ មិនសមហេតុសមផងដែរ អ្នកដែលឆ្លាតគឺចេះយកបំណុលមកពង្រីកដើមទុនអាជីវកម្មឱ្យរីកចម្រើន បើរង់ចាំប្រាក់ចំណេញតិចៗ មិនដឹងពេលណាបានធំធាត់នោះឡើយ។
ម្ចាស់ធនាគារ ជាច្រើនមុននឹងសម្រេចផ្ដល់កម្ចី ទៅជនណាមួយក៏មានការសាកសួរ ស៊ើបសួរច្បាស់លាស់ថា តើបុគ្គលនោះអាចមានលទ្ធផល ក្នុងការសងប្រាក់ត្រលប់មកវិញ ហើយបុគ្គលនោះ យកកម្ចីទៅធ្វើអីជាដើម។ ទាំងនេះ គឺដើម្បីភាពរីកចម្រើនទាំងធនាគារ និងអតិថិជនខ្ចីប្រាក់ធនាគារឬមីក្រូហិរញ្ញវត្ថុទៅប្រើប្រាស់។
សហគ្រិនរោងម៉ាស៊ីនកិនស្រូវមួយរូប លោក ជិម តេង បាននិយាយថា ដំបូងលោកមានម៉ាស៊ីនកិនស្រូវខ្នាតតូចប៉ុណ្ណោះ ហើយលោកក៏បានពង្រីកទៅជាខ្នាតធំល្មម ដោយខ្ចីប្រាក់ពីធនាគារខ្ទង់១០ម៉ឺនដុល្លារអាមេរិក។ ដោយមើលឃើញថា អាជីវកម្មកាន់តែរីកចម្រើន លោកក៏បានខ្ចីបន្ថែមរហូតដល់៣០ម៉ឺនដុល្លារ ដើម្បីមកពង្រីកបន្ថែមទៀត។
លោកបន្តថា “បើមិនមានការផ្ដល់កម្ចីពីធនាគារទេ អាជីវកម្មលោកក៏ពិបាកនឹងមានការរីកចម្រើនរហូតមកដល់ប៉ុណ្ណេះដែរ ។ ការយកប្រាក់មកពីពង្រីកអាជីវកម្ម វាមិនមែនជារឿងអាក្រក់និងខ្មាស់គេនោះទេ កុំតែយកមកចាយវាយអត់ដឹងមុខមាត់ នោះទើបជារឿងអាក្រក់ និងមិនគួរកើតមានឡើងឡើយ” ៕