ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោករាជ រ៉ាបានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការជំរុញការអនុវត្តគោលនយោបាយជាតិ ស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” នៅខេត្តមណ្ឌលគិរី។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត តំណាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម មន្ត្រីនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម មន្រ្តីមន្ទីរអន្តរស្ថាប័នពាក់ព័ន្ធ តំណាងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ប្រចាំកម្ពុជា អាជីវករ អ្នកកែច្នៃ និងអ្នកនាំចេញផងដែរ។
សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយ “ការជំរុញការអនុវត្ត គោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ឱ្យបានទូលំទូលាយដល់គ្រប់អន្តរវិស័យ និងតួអង្គពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ព្រមទាំងមានកម្មវិធីជជែកដេញដោលពិភាក្សា ពីសំណាក់វាគ្មិនកិត្តិយស ដែលអញ្ជើញមកពីតំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងឧស្សាហម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងតំណាងនៃសហព័ន្ធស្វាយចន្ទីកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូក៏បានធ្វើដំណើរទស្សនកិច្ចសិក្សា ទៅកាន់ចម្ការចន្ទីគំរូ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរីផងដែរ៕