ដោយៈសុខុម
ស៊ីដនី: នៅថ្ងៃព្រហស្បតិ៍ ទី៨ មេសានេះ ទីផ្សារភាគហ៊ុនអាស៊ី បាននៅទ្រឹងមួយកន្លែង ខណៈផ្សារភាគហ៊ុនសហរដ្ឋអាមេរិក បានហក់ឡើងខ្ពស់មិនធ្លាប់មានជាថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការហក់ឡើងខ្ពស់ជាថ្មី របស់ផ្សារភាគហ៊ុនសហរដ្ឋអាមេរិក នេះកើតមានឡើង ក្រោយពីធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក Federal Reserve បានបង្ហាញការប្តេ ជ្ញារបស់ខ្លួន នៅក្នុងការរក្សាគោលនយោបាយឱ្យនៅធូររលុងខ្លាំង ទោះបីសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចទី១ របស់ពិភពលោកមួយនេះ កំពុងងើបឡើងវិញយ៉ាងឆាប់រហ័សក្ដី។
MSCIដែលជាសន្ទស្សន៍ផ្សារភាគហ៊ុនធំបំផុត របស់អាស៊ីប៉ាស៊ីហ្វិក ក្រៅពីប្រទេសជប៉ុន គឺបាននៅទ្រឹង ហើយក៏មានការប្រែប្រួលបន្តិចបន្តួចដែរនៅសប្តាហ៍នេះ។ សន្ទស្សន៍ផ្សារភាគហ៊ុនជប៉ុនNikkei បានធ្លាក់ចុះ0.៣% ហើយសន្ទស្សន៍ផ្សារភាគហ៊ុនរបស់មហាយក្សចិនបានធ្លាក់ចុះ0,១%។
លទ្ធផលល្អប្រសើរនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានជួយឱ្យផ្សារភាគហ៊ុនS&P 500 ហក់ឡើងបន្ថែម0,៣% ដល់កម្រិតខ្ពស់មិនធ្លាប់មានជាថ្មី ខណៈ Nasdaq ដែលជាផ្សារភាគហ៊ុនមួយទៀតរបស់សហរដ្ឋអាមេរិក បានហក់ឡើង0.៤%។ ផ្សារភាគហ៊ុនអឺរ៉ុប EUROSTOXX 50 បានហក់ឡើង0.២% ហើយផ្សារភាគហ៊ុនអង់គ្លេស FTSE 100 បានហក់ឡើង០,៣%។
ងាកមកមើលទីផ្សារទំនិញវិញ មាសបានធ្លាក់ថ្លៃមកត្រឹម១.៧៣៦ដុល្លារ ក្នុងមួយអោន (Ounce) បន្ទាប់ពីហក់ឡើងដល់១.៧៤៥ដុល្លារក្នុងមួយអោន។
ចំណែកឯទីផ្សារប្រេង តម្លៃប្រេងបានធ្លាក់ចុះបន្តិចបន្តួច បើធៀបទៅនឹងតម្លៃក្នុង រយៈពេល២សប្តាហ៍ចុងក្រោយនេះ។ នៅក្នុងទីផ្សារប្រេងរបស់អង់គ្លេស ប្រេងឆៅបានធ្លាក់ថ្លៃ៣៨សេន មកនៅត្រឹម៦២,៧៨ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅក្នុងទីផ្សារសហរដ្ឋអាមេរិក បានធ្លាក់ថ្លៃ៤០សេនមកនៅត្រឹម៥៩,៣៦ដុល្លារក្នុងមួយបារ៉ែល៕