ដោយៈ សាវុធ
ភ្នំពេញៈ ជាការពិតណាស់ ចាយលុយវាស្រួលជាងរកលុយ ជាពិសេសពេលនិយាយដល់មុខរបររកស៊ីវាកាន់តែលំបាក។ មានអាជីវករឬសហគ្រិនខ្មែរមិនតិចទេ ដែលជួបបរាជ័យឬបោះបង់ចោលកណ្ដាលទី នៅពេលដែលអាជីវកម្មលែងទៅមុខ។
យ៉ាងណាមិញកុំអស់សង្ឃឹមអី អ្នកគួរណាតែងាកមកមើលចំណុចខ្វះខាតនិងព្យាយាមស្រោចស្រង់ឲអស់ពីសមត្ថភាព។ ចំណុចខាងក្រោមជាអ្វីដែលអ្នកគួរដឹង៖
ទី១ ត្រូវដឹងឮពីកំហុស
អ្នកជំនួញជាច្រើន តែងចង់ទទួលបានការសរសើរពីអតិថិជនរបស់ខ្លួន ដែលជានិច្ចជាកាលជាការល្អ យ៉ាងណាមិញការស្វែងរកចំណុចអវិជ្ជមាន ពីអតិថិជនឬសេវាកម្មរបស់ខ្លួនគឺជាចំណុច ដែលនាំអ្នកទៅរកភាពរីកចម្រើន និងពុំគួរមើលរំលង។
ទី២ យកចិត្តទុកដាក់ចំពោះក្រុមការងារ
មិនថាអ្នកមានលុយរាប់លានដុល្លារ ឬសមត្ថភាពយ៉ាងណាក៏ដោយ បើសិនអ្នកមិនមានក្រុមងារ ឬបុគ្គលិកដែលចាំជួយការងារពីក្រោយទេ នោះក្រុមហ៊ុនរបស់អ្នកក៏មិនមានការរីកចម្រើនដែរ។ អាស្រ័យហេតុនេះ អ្នកគួរចេះប្រើធនធានឲ្យបានល្អ ចាត់ទុកពួកគេឲដូចជា កំណប់ទ្រព្យរបស់ក្រុមហ៊ុនដោយគោរពឲ្យតម្លៃ លើកទឹកចិត្ត និងចែករំលែកឲ្យបានច្រើនទៅកាន់ពួកគេ។
ទី៣ អតិថិជនគឺជាស្ដេច
មិនខុសពីសុភាសិតខ្មែរដែលនិយាយតគ្នានោះទេ គឺអតិថិជនជាស្ដេច។ នេះគឺជាចំណុចដែលសហគ្រិនគ្រប់រូបត្រូវចងចាំ គ្រប់ផលិតផលឬសេវាកម្មដែលអ្នកដាក់លក់គឺចាំបាច់ស្របតាមតម្រូវការរបស់អតិថិជន មិនមែនស្របតាមចំណង់ចំណូលចិត្តនិងអារម្មណ៌របស់អ្នកនោះទេ។ ទុកអតិថិជនជាអាទិភាព ព្រមទាំងទទួលយករាល់ចំណុចល្អនិងអាក្រក់យកមកកែលម្អ។
ការគ្រប់គ្រងធនធានមនុស្សគ្មានស្តង់ដា
ការគ្រប់គ្រងធនធានមនុស្សគ្មានស្តង់ដា បែបផែន ឬប្រព័ន្ឋត្រឹមត្រូវ ក៏៏អាចធ្វើឲ្យក្រុមហ៊ុនមានបញ្ហាផងដែរ ព្រោះវាធ្វើឲ្យការងារគ្មានប្រសិទ្ឋភាព និងប្រសិទ្ឋផល។
ធនធានមនុស្ស ត្រូវបានចាត់ទុកជាកូនសោគន្លឹះមួយ ដើម្បីជួយឲ្យក្រុមហ៊ុនមួយជោគជ័យឬបរាជ័យ។ ហេតុនេះធនធានមនុស្ស តែងតែត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុនយកចិត្តទុកដាក់ និងចាត់ចែងឲ្យធ្វើការតាមជំនាញរបស់ខ្លួន។
ហានិភ័យលំហូរសាច់ប្រាក់
ក្រុមហ៊ុនមួយស្លាប់ឬេស់ ក៏ទាក់ទងនឹងលំហូរសាច់ប្រាក់ ការចាត់ចែងសាច់ប្រាក់មិនបានត្រឹមត្រូវផងដែរ ព្រោះការចាត់ចែងសាច់ប្រាក់មិនបានត្រឹមត្រូវ នឹងបង្កហានិភ័យឈានដល់ការដួលរលំក្រុមហ៊ុន។
ហេតុនេះមេដឹកនាំក្រុមហ៊ុននិមួយៗ ត្រូវតែមានភាពច្បាស់លាស់ ម៉ត់ចត់លើការគ្រប់គ្រងលំហូរសាច់ប្រាក់របស់ខ្លួន ទាំងចំណូល ចំណាយត្រូវតែមានតម្លាភាព គណនេយ្យភាពផងដែរ៕