រឿងគួរដឹងៈមុនទិញទំនិញតាមអនឡាញត្រូវគិតលើចំនុចអ្វីខ្លះ?

        ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា និងលើពិភពលោក ការបញ្ជាទិញទំនិញតាមរយៈអនឡាញ មានសកម្មភាពកើនឡើង និងកាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជា ពេលដែលជួបវិបត្តិនឹងការឆ្លងរាលដាលក្នុងសហគមន៍២០កុម្ភៈ ។

ការទិញទំនិញតាមអនឡាញខ្លះ ក៏ទទួលបានជោគជ័យ និងខ្លះទៀតក៏មានការទាស់ទែងគ្នា រវាងអ្នកទិញនិងអ្នកលក់ផងដែរ ដូច្នេះមុននឹងទិញទំនិញតាមអនឡាញត្រូវគិតលើចំណុចអ្វីខ្លះ?។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១ ពិនិត្យមើលថាហាងទំនិញអនឡាញនោះ មានទីតាំងច្បាស់លាស់ដែរឬទេ

រឿងដំបូងដែលអ្នកគួរធ្វើមុននឹងទិញទំនិញនានា ពីហាងអនឡាញនោះ គឺត្រូវពិនិត្យថាទំនិញអនឡាញនោះ មានទីតាំងហាងច្បាស់លាស់ដែរឬទេ ឬប្រសិនបើគាត់គ្រាន់តែជាអ្នកលក់អនឡាញ គ្មានទីតាំងនោះអ្នកគួរតែចចារពីតម្លៃ ការធានា និងបង់ប្រាក់មុនឱ្យហើយ។

២. ពិនិត្យការវាយតម្លៃផលិតផលមុនទិញទំនិញ

មុននឹងអ្នកទិញទំនិញ អ្នកគួរតែមើលការបញ្ចេញមតិ(Comment) និងការវាយតម្លៃ(Review ឬ Feedback នៅលើផេក) ដើម្បីទទួលបានព័ត៌មានសំខាន់អំពីទំនិញ និងភាពដែលគួរអោយទុកចិត្តរបស់ហាងទំនិញ។ លើសពីនេះទៅទៀត វាបង្ហាញអំពីមតិយោបល់នានារបស់អតិថិជនដែលធ្លាប់ទិញ ដែលអាចធ្វើអោយអ្នកធ្វើការសម្រេចចិត្តកាន់តែប្រសើរថាគួរ ឬមិនគួរមិនទិញទំនិញនោះ។

ការអានការបញ្ចេញមតិ(Comment) និងការវាយតម្លៃ(Review ឬ Feedback) របស់អតិថិជន ជាវិធីដ៏ល្អមួយដើម្បីពិនិត្យមើល គុណភាពទំនិញ ដែលអាចមានភាពផ្ទុយគ្នាស្រឡះពីសំណេររបស់អ្នកលក់។

៣. សួរនាំបញ្ជាក់ពីទំហំនិងគុណភាព

ទោះបីជាអ្នកដឹងពីទំហំស្តង់ដារ អ្នកគួរតែបញ្ជាក់បន្ថែម ទៅលើទំហំសម្លៀកបំពាក់ឬស្បែកជើង ដែលអ្នកចង់ទិញ ដើម្បីចៀសវាងភាពរញ៉េរញ៉ៃ នៅពេលអ្នកចង់ប្តូរទំនិញ។ សម្លៀកបំពាក់ ឬស្បែកជើងអាចមានទំហំខុសគ្នាពីម៉ាកមួយទៅម៉ាកមួយទៀត។

៤. ស៊ើបសួរតម្លៃទំនិញនោះឲ្យបានច្រើនហាង

វាជាអត្ថប្រយោជន៍មួយ ក្នុងចំណោមអត្ថប្រយោជន៍ធំបំផុត នៃការទិញទំនិញតាមអនឡាញ ដែលអ្នកអាចប្រៀបធៀបតម្លៃនៃទំនិញ តាមហាងផ្សេងៗគ្នា ដើម្បីទទួលបានតម្លៃដ៏សមរម្យមួយ។ ការពិនិត្យតម្លៃ ឬសួរតម្លៃច្រើនហាងអនឡាញ ជួយអោយអ្នកចំ​ណេញថវិកាបានមួយចំនួន។ ម៉្យាងវិញទៀត អ្នកក៏អាចទទួលបានអត្ថប្រយោជន៍នានាដូចជា ការមិនយកថ្លៃដឹកជញ្ជូន ទទួលបានការថែមមុខទំនិញ ប្រសិនបើអ្នកស្រាវជ្រាវអំពីទំនិញនោះបានច្រើនហាង។

៥ ទទួលទំនិញនៅកន្លែងសាធារណៈរឺកន្លែងដែលមានសុវត្ថិភាព

នៅពេលទទួលទំនិញ អ្នកគួរទៅយកវានៅកន្លែងសាធារណៈ ហៅមិត្តភក្តិអ្នកទៅទទួលដើម្បីមានជាគ្នា។ ការទទួលទំនិញនៅកន្លែងស្ងាត់ អ្នកអាចនឹងរងគ្រោះដោយសារបទឧក្រិដ្ឋនានា ដែលបង្កឡើងដោយអ្នកដឹកទំនិញមានចិត្តទុច្ចរិត។ អ្នកអាចរកជំនួយបានភ្លាមៗ ប្រសិនបើមានបញ្ហាមិនល្អកើតមានឡើង។ ម៉្យាងទៀតវាក៏ជាវិធីសាស្ត្រដែលល្អ ដើម្បីចៀសវាងពីការស្គាល់ផ្ទះរបស់អ្នក ដោយជនដែលមានគំនិតមិនល្អផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here