តើកត្តាអ្វីខ្លះដែលជំរុញឱ្យអាជីវកម្មក្ស័យធនលឿនរហ័ស?

ដោយៈ លក្ខិណា

ភ្នំពេញៈ មានអាជីវកម្មជាច្រើនដែលបើកដំណើរការមិនយូរប៉ុន្មានក៏ប្រកាសក្ស័យធនបិទក្រុមហ៊ុន បុគ្គលិករត់ចែកជើងគ្នាទៅរកការងារថ្មី ហើយម្ចាស់ក្រុមហ៊ុនក៏ចាប់ផ្ដើមរត់ខ្វែងដៃខ្វែងជើង តែមានអាជីវកម្មមួយចំនួនដែលគេបើកដំណើរការដោយប្រើប្រាស់ទុនតិចតែទទួលបានជោគជ័យ។

កត្តាដែលជំរុញឱ្យអាជីវកម្មក្ស័យធនលឿនរហ័សមានដូចខាងក្រោម៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១) ការគ្រប់គ្រងលំហូរសាច់ប្រាក់នៅមានកម្រិត៖ ម្ចាស់អាជីវកម្មត្រូវចាំបាច់តាមដានពីស្ថានភាពហិរញ្ញវត្ថុអាជីវកម្មខ្លួនឱ្យបានទៀងទាត់និងល្អិតល្អន់ ដ្បិតថា បើម្ចាស់អាជីវកម្មមិនបានយកចិត្តទុកដាក់នឹងស្ថានភាពហិរញ្ញវត្ថុខ្លួន ដូចជាការប្រើប្រាស់ប្រាក់ផ្ទាល់ខ្លួនលាយឡំនឹងប្រាក់អាជីវកម្ម ដែលធ្វើឱ្យម្ចាស់អាជីវកម្មមិនអាចដឹងច្បាស់ពីបរិមាណចំណេញខាត ឬក៏អាចធ្វើឱ្យអាជីវកម្មកាន់តែខាតច្រើនរហូតដល់ក្ស័យធន។

ម្យ៉ាងទៀត ការធ្វើផែនការហិរញ្ញវត្ថុក៏ផ្ដល់សារៈសំខាន់ដល់អាជីវកម្មផងដែរ ដើម្បីអាចផ្គត់ផ្គង់ដល់ការចំណាយនានាទាំងរយៈពេលខ្លី និងរយៈពេលវែងរបស់អាជីវកម្មដែលមានដូចជា ចំណាយលើថ្លៃទឹកភ្លើង សម្ភារៈ បុគ្គលិក និងថ្លៃសេវាកម្មនានាជាដើម។

ទី២) មិនយកចិត្តទុកដាក់ជាមួយអតិថិជន និងដៃគូសហការ៖ អតិថិជនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយគាំទ្រដល់ដំណើរការអាជីវកម្មរបស់អ្នក ប្រសិនបើអ្នកមិនយកចិត្តទុកដាក់នឹងអតិថិជនទេ នោះអាចធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែដុនដាប។

ប្រសិនបើមានអតិថិជនដើរចូលមកកន្លែងអាជីវកម្មរបស់អ្នក តែបុគ្គលិករបស់អ្នកមិនបានសម្ដែងការគួរសម ដោយធ្វើព្រងើយកន្ដើយ និងមិនបានសួរនាំពីតម្រូវការរបស់អតិថិជននោះ ច្បាស់ណាស់ ដែលអតិថិជននោះនឹងលែងមកទិញទំនិញឬសេវាកម្មរបស់អ្នកទៀត ទោះបីគុណភាពទំនិញឬសេវាកម្មនោះល្អយ៉ាងណាក៏ដោយ ហើយវាថែមទាំងអាចប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់អាជីវកម្មអ្នកផងដែរ។

ជាងនេះទៅទៀត ម្ចាស់អាជីវកម្មគប្បីពង្រឹងនូវសមត្ថភាពទំនាក់ទំនង និងដោះស្រាយបញ្ហារបស់ខ្លួន ដើម្បីផ្ដល់ភាពងាយស្រួលក្នុងចរចាជាមួយដៃគូអាជីវកម្ម អតិថិន ដើម្បីរកដំណោះស្រាយនានា ក៏ដូចជាពង្រីកបន្ថែមនូវដៃគូអាជីវកម្មដើម្បីឱ្យមានមនុស្សស្គាល់អាជីវកម្មអ្នកកាន់តែច្រើន។

ទី៣) ការគ្រប់គ្រងបុគ្គលិក និងដំណើរការអាជីវកម្មនៅមានកម្រិត៖ សមត្ថភាពនៃការគ្រប់គ្រងទាំងអាជីវកម្ម និងបុគ្គលិក ពិតជាមានសារៈសំខាន់ណាស់នៅក្នុងការជួយឱ្យអាជីវកម្មនីមួយៗអាចដំណើរការទៅមុខ និងអាចសម្រេចបានដោយជោគជ័យនៃគោលដៅអាជីវកម្មខ្លួន ប្រសិនបើគ្មានការគ្រប់គ្រងច្បាស់លាស់ទេនោះ អាជីវកម្មពិបាកនឹងបន្តទៅមុខជាក់ជាមិនខាន។

តួយ៉ាង នៅក្នុងការគ្រប់គ្រងបុគ្គលិក ប្រសិនបើអ្នកមិនបានបែងចែកបុគ្គលិករបស់អ្នកឱ្យបានត្រឹមត្រូវទៅតាមជំនាញរបស់ពួកគេទេ នោះពួកគេងាយនឹងបោះបង់ និងមិនមានភាពតស៊ូក្នុងការងារឡើយ ហើយអាចបង្កជាហានិភ័យនានាដល់អាជីវកម្មអ្នកទៀតផង។

ទី៤) មិនមានគោលជំហរច្បាស់លាស់ពេលធ្វើយុទ្ធសាស្ត្រទីផ្សារ៖ ការតាមដានពីស្ថានភាពទីផ្សារពិតជាមានសារៈសំខាន់ណាស់ ព្រោះថាទីផ្សារតែងតែប្រែប្រួលជាប្រចាំ ដែលទាមទារឱ្យម្ចាស់អាជីវកម្មតាមដាន និងស្វែងរកនូវដំណោះស្រាយនានាដើម្បីអាចឆ្លើយតបទៅនឹងការប្រែប្រួលទាំង។

ការធ្វើទីផ្សារមួយដើម្បីបានជោគជ័យ លុះត្រាណាតែម្ចាស់អាជីវកម្មស្គាល់ពីស្ថានភាពទីផ្សារច្បាស់លាស់ និងអាចកំណត់ពីដែននៃការពង្រីកនៃអាជីវកម្មទីផ្សាររបស់ពួកគេ ។ប្រសិនបើអ្នកបើកដំណើរការអាជីវកម្មលក់គ្រឿងអេឡិចត្រូនិចជាប្រភេទអាជីវកម្មអនឡាញដោយពឹងផ្អែកលើប្រព័ន្ធផ្សព្វផ្សាយជាជំនួយដូចជាហ្វេសប៊ុក instagram។

ដើម្បីឱ្យអាជីវកម្មអាចដំណើរការទៅមុខបានដោយរលូន ម្ចាស់អាជីវកម្មគួរចៀសវាងនូវការធ្វេសប្រហែសទាំងនេះ ម្យ៉ាងទៀត ម្ចាស់អាជីវកម្មគប្បីស្វែងយល់បន្ថែមពីការធ្វើផែនការអាជីវកម្ម (Business Planning)។ ជាក់ស្ដែង ការមានផែនការអាជីវកម្មច្បាស់លាស់ អាចធ្វើឱ្យអាជីវកម្មមានមូលដ្ឋានគ្រឹះរឹងមាំ រីឯម្ចាស់អាជីវកម្មក៏កាន់តែយល់ច្បាស់ពីទំនិញឬសេវាកម្មរបស់ខ្លួន អាចដាក់គោលដៅអាជីវកម្មបានត្រឹមត្រូវ និងធ្វើឱ្យការគ្រប់គ្រងនៅក្នុងអាជីវកម្មមានប្រសិទ្ធិភាព ដែលជួយឱ្យអាជីវកម្មសម្រេចបាននូវគោលដៅរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here