បណ្ដាក្រុមហ៊ុនអាមេរិកនៅតែបន្តវិនិយោគក្នុងតំបន់អាស៊ានទោះបីរំពឹងថាប្រាក់ចំណូលរបស់ខ្លួននឹងធ្លាក់ចុះ

ដោយៈ សុខុម

សិង្ហបុរី: ការស្ទង់មតិមួយធ្វើឡើងដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (AmCham) នៅក្នុងប្រទេសសិង្ហបុរី បានរកឃើញថា បណ្ដាក្រុមហ៊ុនសហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅក្នុងតំបន់អាស៊ាន ព្យាករថា ប្រាក់ចំណូលរបស់ខ្លួននឹងធ្លាក់ចុះក្នុងពេលដ៏ខ្លីខាងមុខ។ នេះបើយោងតាមកាសែត The Strait Times ចុះផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ។

ប៉ុន្តែទោះបីជាស្ថានភាពសេដ្ឋកិច្ចមិនប្រាកដប្រជាបែបនេះក្ដី ក៏ភាគច្រើនលើសលប់ គឺជាង ៣ ភាគ ៤ នៃក្រុមហ៊ុន ដែលត្រូវបានស្ទង់មតិឆ្លើយថា ពួកគេនៅតែប្ដេជ្ញាបន្តការវិនិយោគនៅក្នុងទីផ្សារអាស៊ាន ក្នុងរយៈពេល៥ឆ្នាំក្រោយ ហើយនេះអាចចាត់ទុកបានថា ជាដំណឹងដ៏ល្អសម្រាប់តំបន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការស្ទង់មតិដដែលនេះក៏បានរកឃើញដែរថា បណ្ដាក្រុមហ៊ុននៅក្នុងប្រទេសសិង្ហបុរី មានសុទិដ្ឋិនិយមច្រើនជាងទាក់ទិននឹងប្រាក់ចំណូលរបស់ខ្លួននៅក្នុងតំបន់អាស៊ាន។

អ្នកឆ្លើយសំណួរប្រមាណ៥០% នៅសិង្ហបុរី និយាយថា ពួកគេព្យាករថា ប្រាក់ចំណេញរបស់ខ្លួននៅក្នុងតំបន់អាស៊ាន នឹងកើនឡើង បើប្រៀបធៀបទៅនឹងអ្នកឆ្លើយសំណួរ២៦% នៅក្នុងប្រទេសម៉ាឡេស៊ី។

ការស្ទង់មតិទស្សនវិស័យពាណិជ្ជកម្មនៅតំបន់អាស៊ាន ក្នុងឆ្នាំ២០២១ (2021 ASEAN Business Outlook Survey) បានស្ទង់មតិនាយកប្រតិបត្តិជាន់ខ្ពស់ ដែលមកពីបណ្ដាក្រុមហ៊ុនសហរដ្ឋអាមេរិក នៅទូទាំងតំបន់អាស៊ាន ស្តីពីសកម្មភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក នៅអាស៊ីអាគ្នេយ៍។

របាយការណ៍ស្ទង់មតិនេះត្រូវបានចេញផ្សាយកាលពីយប់ថ្ងៃពុធ ទី២៤ ខែមីនា បន្ទាប់ពីកិច្ចពិភាក្សា ដែលធ្វើឡើងដោយ Amcham តាមប្រព័ន្ធអ៊ីនធឺណិត។

របាយការណ៍នេះបានគូសបញ្ជាក់ថា ទោះបីជាមានការឆ្លងរាតត្បាតវីរុសកូវីដ-១៩ និងភាពចម្រុះនៃតំបន់នេះក្ដី ក៏អាស៊ាន នៅតែបន្តក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិក ដោយសារកត្តាមួយចំនួនដូចជា ចំនួនប្រជាជនវណ្ណៈកណ្ដាលកំពុងកើនឡើង ការបន្តផ្តោតយកចិត្តទុកដាក់លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការកើនឡើងនូវការធ្វើសមាហរណកម្មក្នុងតំបន់ ព្រមទាំងឱកាសពាណិជ្ជកម្ម និងវិនិយោគនៅក្នុងតំបន់។

នៅក្នុងតំបន់អាស៊ាន ប្រទេសសិង្ហបុរី គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហរដ្ឋអាមេរិក ដែលស្មើនឹង២៥% នៃពាណិជ្ជកម្មសរុបរបស់សហរដ្ឋអាមេរិក ជាមួយតំបន់នេះក្នុងទំហំពាណិជ្ជកម្ម៥៧,៦ពាន់លានដុល្លារអាមេរិក (៧៧,៥ ពាន់លានដុល្លារសិង្ហបុរី) ។ ក្រុមហ៊ុនសហរដ្ឋអាមេរិក រហូតដល់ទៅជាង ៤.៥០០ ក្រុមហ៊ុនមានប្រតិបត្តិការនៅក្នុងប្រទេសនេះ។

លោកស្រី Lei Hsien-Hsien នាយកប្រតិបត្តិរបស់ AmCham បានគូសបញ្ជាក់ថា តំបន់អាស៊ាន ជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here