បណ្ឌិតគីម ហ៊ាងនិយាយអ្វីខ្លះពាក់ព័ន្ធនឹងសេចក្តីប្រកាសរួមរបស់ស្ថាប័នហិរញ្ញវត្ថុពីរស្ដីពីបញ្ហាអចលនវត្ថុនៅកម្ពុជា?

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១បានចេញសេចក្តីប្រកាសរួមស្ដីពីលទ្ធផលកិច្ចប្រជុំ លើបញ្ហាអចលនវត្ថុនៅកម្ពុជា ដោយបានអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុនៅកម្ពុជា បន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ និងការលើកលែងមួយចំនួនទៀត។

នៅព្រឹកថ្ងៃទី២៣ មីនា ២០២១ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia បានសរសេរលើបណ្ដាញសង្គមរបស់លោកពាក់ព័ន្ធនឹងបញ្ហាដោយលើកឡើងក្នុងនាមជាអ្នកទិញផង អ្នកអភិវឌ្ឍន៍ផង ជាម្ចាស់ក្រុមហ៊ុនសំណង់ និងអ្នកម៉ៅការសំណង់ផង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានឱ្យដឹងថា ក្នុងនាមអ្នកទិញផ្ទះ ឬខុនដូ គឺពិតជាគាំទ្រ១០០% តែបើ ក្នុងនាមអ្នកអភិវឌ្ឍន៌បុរី ឬខុនដូ គឺពិតជាពិបាកទទូលយកណាស់ ដោយសារលុយសម្រាប់សាងសង់អោយចប់គំរោងនីមួយៗ គឺបានមកពីម្ចាស់គំរោងផ្ទាល់ខ្លួនខ្លះ បានមកពីកម្ចីធនាគារខ្លះ និងបានមកពីអ្នកទិញបង់ជាប្រចាំខែខ្លះ ហើយបើសិនជាការបង់ប្រចាំខែរបស់អ្នកទិញមានបញ្ហា នោះម្ចាស់គំរោងជាច្រើន នឹងមិនមានលុយគ្រប់គ្រាន់ដើម្បីបញ្ចប់ការសាងសង់ តាមការកំណត់ទេ។

លោកឧកញ៉ាបណ្ឌិតបន្តថា ក្នុងនាមធនាគារ អ្នកលក់សម្ភារៈសំណង់ អ្នកម៉ៅការសាងសង់ និងកម្មករសាងសង់ គឺពិតជាមានការព្រួយបារម្មខ្លាំងណាស់ ព្រោះបើសិនជាអ្នកអភិវឌ្ឍន៌បុរី ឬខុនដូ មិនបានទទូលការបង់ប្រចាំខែពីអ្នកទិញទេ នោះពួកគាត់ក៏នឹងខ្វះលុយបង្វិលក្នុងការសងត្រលប់ទៅធនាគារ សងថ្លៃសម្ភារៈសំណង់ សងថ្លៃពលកម្ម និងការចំណាយផ្សេងទៀត ដោយពួកគាត់អាចបញ្ឈប់ការសាងសង់ ឬពន្យារពេលការសាងសង់ ហើយអាចធ្វើអោយចរន្តលុយសងធនាគារ ការប្រើប្រាស់សម្ភារៈសំណង់ និងការប្រើប្រាស់កំលាំងពលកម្មធ្លាក់ចុះ ដោយមនុស្សកាន់តែច្រើននឹងបាត់បង់ការងារ និងមុខរបរ។

លោកបន្ថែម ក្នុងនាមពលរដ្ឋកម្ពុជាម្នាក់ មានការសប្បាយចិត្ត ដែលថ្នាក់ដឹកនាំប្រទេសយកចិត្តទុកដាក់ចំពោះជីវភាពប្រចាំថ្ងៃ របស់ប្រជាជន ពិសេសក្នុងស្ថានភាពលំបាក នៃ Covid19។

លោកបញ្ជាក់ថា ក្នុងនាមលោកជាអ្នកសិក្សារៀនសូត្រម្នាក់ យល់ឃើញថា ប្រកាសនេះគឺពិតជាសំខាន់ និងត្រឹមត្រូវ តែខុសពេល ព្រោះអ្វីដែលឧស្សាហកម្មដីធ្លី និងសេដ្ឋជាតិជាតិកម្ពុជា ត្រូវការពិតប្រាកដ គឺសេវាកម្មរដ្ឋបាលសាធារណៈ ដែលមានលឿន រហ័ស ត្រឹមត្រូវ ប្រកបដោយតម្លាភាព និងមានការទទូលខុសត្រូវ ដោយត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់ ពិសេសគឺការចូលរួមពីផ្នែកឯកជនផ្ទាល់តែម្តង។

ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ដែលជារលកទី៣នៅក្នុងប្រទេសកម្ពុជាបានបង្ហាញសញ្ញាកាន់តែធ្ងន់ធ្ងរ ដោយរកឃើញអ្នកឆ្លងរៀងរាល់ថ្ងៃ និងមានចំនួនច្រើន ហើយក៏បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ប្រាក់ចំណូលប្រជាពលរដ្ឋកម្ពុជាជាច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here