ដោយៈ សុខុម
វ៉ាស៊ីនតោន: ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២២ ខែមីនាថា ពេលនេះរដ្ឋការរបស់ប្រធានាធិបតីចូ បៃឌិនកំពុងពិចារណាស្នើការចំណាយ៣ទ្រីលានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធក្នុងសហរដ្ឋអាមេរិក ដោយបំបែកជាសំណើសេចក្ដីព្រាងច្បាប់២ដាច់ដោយឡែកពីគ្នា ដែលនឹងប្រឈមការអនុម័តដ៏តឹងតែងនៅក្នុងសភា។
សារព័ត៌មាន CNA បានចុះផ្សាយនៅថ្ងៃអង្គារ ទី២៣ មីនា នេះថា ដំណឹងអំពីផែនការហេដ្ឋារចនាសម្ព័ន្ធនេះត្រូវបានទម្លាយ ក្រោយពីកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចសហរដ្ឋអាមេរិក ពីវិបត្តិកូវីដ-១៩ ចំនួន១,៩ទ្រីលានដុល្លារ ត្រូវបានលោកចូ បៃឌិនចុះហត្ថលេខាឱ្យមានប្រសិទ្ធភាពអនុវត្តន៍កាលពីដើមខែនេះ។
លោកចូ បៃធិន ដែលបានចូលកាន់តំណែងក្នុងខែមករា ដើមឆ្នាំ២០២១ នេះបានប្តេជ្ញាអនុម័តសេចក្ដីព្រាងច្បាប់ទី២ មួយទៀតក្នុងគោលបំណងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងសហរដ្ឋអាមេរិក និងបង្កើតការងារបន្ថែមជូនពលរដ្ឋ ហើយប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានចុះផ្សាយថា សេចក្ដីព្រាងច្បាប់ទី២ នេះទំនងជាត្រូវបំបែកជា២សំណើដាច់ដោយឡែកពីគ្នា ដែលមានទំហំសរុប៣ទ្រីលានដុល្លារ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថា ប្រភពមួយបានទម្លាយថា ក្រុមទីប្រឹក្សារបស់លោកចូ បៃឌិន មានកញ្ចប់សំណើមួយ ដែលមានទំហំទឹកប្រាក់សរុបរហូតដល់ទៅ៣ទ្រីលានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាអាទិភាពផ្សេងទៀត ដែលពួកគេនឹងពិភាក្សាជាមួយប្រធានាធិបតីនៅសប្តាហ៍នេះ។
កាសែត New York Times បានចុះផ្សាយកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះថា ក្រុមទីប្រឹក្សារបស់លោក ចូ បៃឌិន កំពុងត្រៀមផ្ដល់អនុសាសន៍ឱ្យលោក ចូ បៃឌិន ចំណាយថវិកាចំនួន ៣ ទ្រីលានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ច កាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាស និងកាត់បន្ថយវិសមភាពផ្នែកសេដ្ឋកិច្ច ដោយចាប់ផ្តើមពីផែនការហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយ។
ក្នុងពេលជាមួយគ្នានេះ កាសែត Washington Post និងសារព័ត៌មាន CNN ក៏បានចុះផ្សាយដែរថា តាមការរំពឹងទុក ថវិកា៣ទ្រីលានដុល្លារនេះ នឹងត្រូវបំបែកជា២ផ្នែក ដោយមួយផ្នែកផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ ហើយមួយផ្នែកទៀតផ្តោតលើបញ្ហាអាទិភាពផ្សេងៗនៅក្នុងស្រុកដូចជា ថ្នាក់មុនមត្តេយ្យសិក្សា (pre-kindergarten) សេវាថែទាំកុមារថ្នាក់ជាតិ និងការចុះឈ្មោះសិក្សាថ្នាក់មហាវិទ្យាល័យក្នុងសហគមន៍ ដោយឥតគិតថ្លៃជាដើម។
អំឡុងសុន្ទរកថាកាលពីខែមករា ប្រកាសពីផែនការទាំង២ លោកចូ បៃឌិនបានលើកឡើងថា “យើងនឹងប្រើប្រាស់ប្រាក់របស់អ្នកបង់ពន្ធដើម្បីកសាងសហរដ្ឋអាមេរិកឡើងវិញ។ យើងនឹងទិញផលិតផលរបស់សហរដ្ឋអាមេរិក គាំទ្រដល់ការងារងារផលិតកម្មរាប់លានរបស់សហរដ្ឋអាមេរិក បង្កើនកម្លាំងប្រកួតប្រជែងរបស់យើងនៅក្នុងពិភពលោកដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង”៕