លោកស៊ឹម ស៊ីថាៈពលរដ្ឋនៅជាយក្រុងភ្នំពេញជាង៤ម៉ឺនគ្រួសារខ្វះទឹកស្អាតប្រើប្រាស់

        ដោយៈលក្ខិណា

ភ្នំពេញៈ លោកស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញបានមានប្រសាសន៍ថា នៅរដូវប្រាំងឆ្នាំ២០២១នេះ ការផ្គត់ផ្គង់ទឹកទៅកាន់ប្រជាពលរដ្ឋ នឹងមានការខ្វះខាតដូចឆ្នាំមុនទៀត ជាពិសេសនៅតំបន់ដែលឆ្ងាយពីរាជធានីភ្នំពេញ។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ លោកស៊ឹម ស៊ីថា បានឱ្យដឹងថា តំបន់ដែលមានសម្ពាធទឹកខ្លាំងនៅកណ្ដាលក្រុងភ្នំពេញ ហើយតំបន់ដែលមានសម្ពាធទឹកខ្សោយគឺជាយរាជធានីភ្នំពេញ ជាពិសេសនៅប៉ែកខាងលិច នៃរាជធានីភ្នំពេញ ។ លោកថា ដើម្បីដោះស្រាយដល់បញ្ហាខ្វះខាតទឹកនៅរដូវប្រាំងនេះ យើងបានសំណូមពរឱ្យពលរដ្ឋកណ្ដាលរាជធានី ជួយសន្សំទឹកដើម្បីទុកទឹកជួយដល់អ្នក ដែលខ្វះខាត ហើយអ្នកដែលខ្វះខាត មិនមានទឹកប្រើប្រាស់ អាចទៅយកទឹកនៅបំពង់មេ ដែលបានបំពាក់ ឬនៅតាមបំពង់ពន្លត់អគ្គីភ័យនានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “រដ្ឋាករទឹកក៏បានសហការជាមួយ សាលារាជធានីភ្នំពេញ ដើម្បីត្រៀមរថយន្តដឹកទឹក ចែកជូនពលរដ្ឋដែលខ្វះខាតទឹកផងដែរ ហើយបើគិតត្រួសៗមានពលរដ្ឋប្មរាណជាង៤ម៉ឺនគ្រួសារ នឹងអាចខ្វះទឹកប្រើប្រាស់នៅក្នុងរដូវប្រាំងនេះ”។លោកបន្ថែមថា “ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹករយៈពេលវែង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសហការជាមួយដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាលក្នុងការទុនវិនិយោគសាងសង់អាងពិពិធកម្មទឹកស្អាតបន្ថែមទៀត”។

ថ្មីៗកន្លងទៅនេះ រដ្ឋាករទឹកក៏បានបើកការដ្ឋានសាងសង់ រោងចក្រទឹកស្អាតមួយនៅបាក់ខែង ដែលគម្រោងនេះ មានពីរជំហានដោយជំហានទី១ នឹងបញ្ចប់នៅពាក់កណ្ដា​លឆ្នាំ២០២២ និងជំហានទី២គ្រោងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៣ ។ នៅពេលដែលរោងចក្រទឹកស្អាតនេះ បានបញ្ចប់ទាំងពីរជំហាន នៅឆ្នាំ២០២៣ ទៅឆ្នាំ២០២៥ បញ្ហាខ្វះទឹកស្អាតប្រើប្រាស់នឹងត្រូវដោះស្រាយបានមួយកម្រិត ។

ប្រជាពលរដ្ឋរស់នៅតំបន់ជាយរាជធានីភ្នំពេញជាច្រើន ជាពិសេសនៅប៉ែកខាងលិច បានបង្ហាញពីភាពលំបាករបស់ខ្លួន ក្នុងការខ្វះខាតទឹកប្រើប្រាស់ ដោយអ្នកខ្លះត្រូវប្រើម៉ូទ័រជំនួយដើម្បីបូមទឹក មកប្រើប្រាស់ ខ្លះទៀតត្រូវរង់ចាំបើកបង្ហូរទឹក នៅពាក់កណ្ដា​លយប់ តែតំបន់ខ្លះទោះដាក់ម៉ូទ័រជំនួយ និងរង់ចាំបើកពាក់កណ្ដាលយប់ក្ដី ក៏មិនមានទឹកប្រើប្រាស់ហើយ ក៏បានដឹកទឹកយកមកប្រើប្រាស់ ដូចនៅតំបន់ជនបទដាច់ស្រយាលទៅហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here