ដោយ ឧត្តម
ភ្នំពេញៈ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុលោកឃាង ភារម្យបានមានប្រសាសន៍ឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ មានកាស៊ីណូចំនួន២១មូលដ្ឋាន នៅក្នុងខេត្តព្រះសីហនុ បានដាក់ពាក្យស្នើសុំធ្វើអាជីវកម្មឡើងវិញ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានប្រកាសអនុញ្ញាឱ្យធ្វើអាជីវកម្ម។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុរូបនេះ បានប្រាប់គេហទំព័រ Cambodiabanknews.com ឲ្យដឹងនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០កន្លងមកថា ការបើកដំណើរការឡើងវិញ នូវអាជីវកម្មកាស៊ីណូ នៅក្នុងខេត្តព្រះសីហនុនេះ លុះត្រាតែមានការអនុញ្ញាត ពីក្រសួងសសុខាភិបាល ទើបអាចបើកដំណើរឡើងវិញបាន ខណៈបច្ចុប្បន្នក្រសួងកំពុងដំណើរការរៀបចំនីតិវិធី។
លោកបន្តថា “អ្នកវិនិយោគណាចង់បើកដំណើរការឡើងវិញ ត្រូវតែដាក់ពាក្យស្នើសុំទៅក្រសួងសុខាភិបាល។ លោកបន្ថែមថា “ខ្ញុំសូមបញ្ជាក់ថានេះ ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ហើយរដ្ឋបានខេត្ត គឺយើងរងចាំនិតិវិធីលម្អិតពីក្រសួងសុខាភិបាលដែរ” ។
លោកបន្ថែមថា “បើក្រសួងអនុញ្ញាត្តិ ក៏យើងអនុវត្តទៅតាមគោលការណ៍ ដែលចេញពីក្រសួងសុខាភិបាល ថា តើត្រូវធ្វើយ៉ាងណាខ្លះ?” ។
លោកឃាង ភារម្យបានបញ្ជាក់ទៀតថា កាលពីកន្លងមកនេះ បានចុះពិនិត្យក្រោមការដឹកនាំចុះត្រួតពិនិត្យ របស់លោកជំទាវយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល កាស៊ីណូចំនួន៧មូលដ្ឋានដែលបានស្នើសុំ ហើយក្រោយមករហូតដល់ថ្ងៃនេះ មានចំនួន១៤ទៀតសរុបមានចំនួន២១មូលដ្ឋាន ដែលបានដាក់ពាក្យស្នើសុំបើកអាជីវកម្មឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០កន្លងមកនេះ បានប្រកាសអនុញ្ញាតដល់កាស៊ីណូ មានលទ្ធភាពបើកប្រតិបត្តិការអាជីវកម្មឡើងវិញ ប៉ុន្តែមានល្បែងភ្នាល់ និងស្លុតម៉ាស៊ីនតែប៉ុណ្ណោះ ។
សម្តេចតេជោ ហ៊ុនសែន កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុ ញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការការពារជាមួយជំងឺ Covid-19។ កាលពីខែមេសាកន្លងទៅនេះ សម្តេចតេជោហ៊ុន សែនបានសម្រេ ចបិទកាស៊ីណូនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ៕