ដោយៈ សុខុម
អន្តរជាតិ៖ ក្រុមហ៊ុនផលិត និងចែកចាយស្រាធំផុតបំផុតរបស់អូស្ត្រាលី Treasury Wine Estates និងជាក្រុមហ៊ុនធំបំផុតលើពិភពលោកគ្រោងរុះរើអាជីវកម្មរបស់ខ្លួន ដែលរួមមានទាំងការលក់ប៊្រែន (ម៉ាកយីហោ) មិនសូវល្បី និងទ្រព្យសកម្មផ្សេងៗទៀតរបស់ខ្លួនផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃទី១៧ កុម្ភៈ។
ចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហ៊ុននេះ ធ្វើឡើងក្នុងគោលបំណងប្រមូលដើមទុនឱ្យបានយ៉ាងតិច៣០០លានដុល្លារអូស្ត្រាលី (ប្រមាណ២៣០លានដុល្លារអាមេរិក) ខណៈខ្លួនខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារពន្ធខ្ពស់កប់ពពកដែលមហាយក្សចិន បានដាក់លើផលិតផលស្រារបស់អូស្ត្រាលី។
គម្រោងរុះរើរចនាសម្ព័ន្ធឡើងវិញនេះ ត្រូវបានលាតត្រដាងកាលពីថ្ងៃពុធ ទី១៧ ខែកុម្ភៈ ខណៈក្រុមហ៊ុនមួយនេះបានបញ្ចេញរបាយការណ៍ថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានធ្លាក់ចុះរហូតដល់ទៅ៤៣% ក្នុងឆមាសទី១ ដើមឆ្នាំ២០២០ មកនៅត្រឹម១២០,៩លានដុល្លារអូស្ត្រាលី (៩៤លានដុល្លារអាមេរិក) ហើយបានកាត់បន្ថយភាគលាភចន្លោះឆ្នាំរបស់ខ្លួនមួយត្រីមាសមកនៅត្រឹម១៥ដុល្លារអូស្ត្រាលី (១១,៦ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន។
ហើយតាមការរំពឹងទុក ចំណូលរបស់ខ្លួនក្នុងឆមាសទី២ អាចនឹងទាបជាងចំណូលក្នុងឆមាទី១ ទៅទៀត។
ក្រុមហ៊ុននេះនឹងរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញដោយបែងចែកជា៣ផ្នែក រួមមានផ្នែក Penfolds ផ្នែក Treasury Premium Brands និងផ្នែក Treasury Americas។
បន្ថែមពីលើការលក់ចេញនូវប៊្រែនដែលមិនសូវល្បីរបស់ខ្លួន ក្រុមហ៊ុននេះក៏នឹងពិចារណាលក់ទ្រព្យសកម្មផ្សេងៗទៀត ហើយនឹងឈប់ជួលទីតាំងមួយចំនួន ដើម្បីកាត់បន្ថយការចំណាយនៅក្នុងចម្ការទំពាំងបាយជូរ ដំណើរការផលិត និងវេចខ្ចប់ស្រា។
ចំណាត់ការទាំងនេះធ្វើឡើង ក្រោយពីមហាយក្សចិន បានសម្រេចយកពន្ធរហូតដល់ទៅ១៧៥,៦% លើផលិតផលស្រារបស់ក្រុមហ៊ុន Treasury Wine ខណៈទីផ្សារចិន ផ្ដល់ប្រាក់ចំណេញប្រមាណ១ភាគ៣ នៃប្រាក់ចំណេញសរុបរបស់ខ្លួន។
រដ្ឋាភិបាលក្រុងកង់បេរ៉ា បានចាត់ទុកចំណាត់ការរបស់មហាយក្សចិន ថាជាវិធានការពាណិជ្ជកម្មក្នុងរូបភាពដាក់ទណ្ឌកម្ម ដោយសារតែប្រទេសអូស្ត្រាលី បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យ លើប្រភពដើមពិតប្រាកដ នៃការឆ្លងរាតត្បាតវីរុសកូវីដ-១៩៕







