ដោយៈ និស្ស័យ
ភ្នំពេញៈ លោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយ ក្រុមការងារទីប្រឹក្សាឯករាជ្យ ដែលចាត់តាំងដោយទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD)ដឹកនាំដោយ លោកស្រីAnn-Gaelle MUTHS ដើម្បីធ្វើបទសម្ភាសន៍ សម្រាប់ការវាយតម្លៃលើកិច្ចអន្តរាគមន៍របស់ AFD Group នៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ តំណាងទីប្រឹក្សាយោបល់បារាំង (Technopolis)Indochina Research និង ISET International។
ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលធាតុចូលសំខាន់ៗសម្រាប់ធ្វើការវាយតម្លៃ លើកិច្ចសហប្រតិបត្តិការរវាងAFD និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ជាពិសេសលើវិស័យគ្រប់គ្រងទឹកកខ្វក់ ក្នុងការសិក្សាពីលទ្ធភាពនៃការផ្លាស់ប្តូរ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដោយផ្ទាល់។
កន្លងមក AFD បានចូលរួមផ្តល់ហិរញ្ញប្បទានរួម (Co-Financing) ជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីជួយគាំទ្រដល់កម្ពុជាលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ទឹកស្អាត កសិកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងអភិបាលកិច្ច។
បច្ចុប្បន្នAFD កំពុងសិក្សា និងវិភាគវាយតម្លៃបន្ថែម ព្រមទាំងប្រមូលមតិយោបល់ត្រឡប់ (Feedback) ដើម្បីកែសម្រួលប្រតិបត្តិការរបស់ខ្លួនឱ្យឆ្លើយតប បានកាន់តែប្រសើរទៅនឹងបរិបទ នៃការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានឆ្លើយតបនូវកម្រងសំណួរសំខាន់ៗជាច្រើន ព្រមទាំងបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះAFD ដែលបានជួយជ្រោមជ្រែង ដល់ការអភិវឌ្ឍលើវិស័យសាធារណការ និងដឹកជញ្ជូន ក៏ដូចជាវិស័យដទៃទៀតនៅកម្ពុជានាពេលកន្លងមក។
ជាមួយគ្នានេះ លោកក៏បានផ្តល់អនុសាសន៍ឱ្យAFD បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕







