ដោយៈ ម៉ាណា
ភ្នំពេញៈ លោករស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាជាមួយក្រុមការងារអនុវត្តន៍ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមនាយករងគម្រោង ប្រធានគ្រប់គ្រងគម្រោង ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ទីប្រឹក្សាគម្រោង និងសមាជិក សមាជិកាគម្រោងជាច្រើនរូបទៀត។
កិច្ចប្រជុំនេះរៀបចំឡើងគឺដើម្បីពិនិត្យ និងពិភាក្សាអំពីការសិក្សាបច្ចេកទេសលម្អិត នៃការងារតំណភ្ជាប់តាមខ្នងផ្ទះ(Household Connection) សម្រាប់គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមហិរញ្ញប្បទាន ដោយមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ធនាគារអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ។
ការរៀបចំផែនការអនុវត្តការងារតំណភ្ជាប់ បណ្តាញទឹកកខ្វក់តាមខ្នងផ្ទះតាមត្រឹមត្រូវ នឹងជួយឱ្យការគ្រប់គ្រងថ្លៃចំណាយសាងសង់តំណភ្ជាប់ ដើម្បីឱ្យស្របតាមកញ្ចប់ថវិកាហិរញ្ញប្បទាន ដែលបានអនុម័ត ព្រមទាំងធានាបានថាប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងតាខ្មៅនឹងដំណើរការទៅមានប្រសិទ្ធភាពខ្ពស់ ដែលទឹកកខ្វក់ទាំងអស់ត្រូវបានប្រមូល និងចម្រោះបានត្រឹមត្រូវ តាមស្តង់ដាបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងប្រភពទឹកធម្មជាតិ៕







