ដោយៈ ម៉ាណា
ប្រទេសចិនៈ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Alexei LYAKHNOVICH រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងទំនាក់ទំនង នៃសាធារណរដ្ឋបេឡារុស ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរ។
កិច្ចពិភាក្សាបានផ្តោតលើការងារមួយចំនួន ដូចជា៖ (១) ការតភ្ជាប់ផ្លូវអាកាស (២) ការចែករំលែកបទពិសោធន៍ លើការសាងសង់ផ្លូវ ដែលអាចប្រើប្រាស់បានយូរ និង (៣) ការស្វែងរកឱកាសបន្ថែមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន។
ជំនួបពិភាក្សាទ្វេភាគីនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល សមភាព និងក្នុងស្មារតីភាពជាដៃគូដ៏ល្អ ហើយភាគីទាំងពីរក៏បានឯកភាពគ្នា បង្កើនទំនាក់ទំនងទ្វេភាគី រវាងក្រសួងទាំងពីរ ដើម្បីផ្លាស់ប្តូរចំណេះដឹង ជំនាញ និងបទពិសោធន៍ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕








