ដោយៈ ម៉ាណា
ព្រះសីហនុៈ លោកបួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា និងការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO)។
វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមមកពីគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហាងបញ្ចាំ ការិយាល័យមេធាវី និងមន្ទីរសារការី ជាច្រើនស្ថាប័ន។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ស្តីពីប្រតិបត្តិការ ដែលមានកិច្ចធានា ឆ្នាំ២០០៧ និងការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO)។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មន្ត្រីជំនាញនៃនាយកដ្ឋាននីតិកម្ម និងតំណាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញលើប្រធានបទដូចខាងក្រោម៖ ១. ទិដ្ឋភាពទូទៅនៃច្បាប់ស្តីពីប្រតិបត្តិការ ដែលមានកិច្ចធានា ២. ប្រភេទនៃទ្រព្យធានា (ជាចលនទ្រព្យ) ៣. សិទ្ធិកាតព្វកិច្ច និងកិច្ចព្រមព្រៀងប្រាតិភោគ ៤. ការធ្វើសុក្រឹតកម្មនៃសិទ្ធិប្រាតិភោគ និងវិធានកំណត់អាទិភាព ៥. ការអនុវត្តសិទ្ធិប្រាតិភោគ ៦. ការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0)៧. ការអនុវត្តជាក់ស្តែងលើការប្រើប្រាស់មុខងារសំខាន់ៗក្នុងប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO)និង ៨. កិច្ចពិភាក្សាលើការអភិវឌ្ឍក្របខ័ណ្ឌគតិយុត្ត៕








