សម្តេចធិបតីៈកម្ពុជាមានរោងចក្រ សហគ្រាសសរុបជាង៣៣០០

ដោយៈ ចំណាន

   កំពង់ឆ្នាំងៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា វិស័យឧស្សាហកម្មកម្ពុជា គិតត្រឹមខែកក្កដា ឆ្នាំ២០២៦នេះ មានក្រុមហ៊ុន និងរោងចក្រចំនួន ៣៣៥៧ រោងចក្រ ដែលចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ នៅតាមបណ្ដារាជធានី ខេត្តទាំង ២៥ របស់កម្ពុជា។

រោងចក្រ សហគ្រាសទាំងនោះ បានប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន១,៣ លាននាក់ ក្នុងនោះស្រ្ដីជាង៩០ម៉ឺននាក់ ភាគច្រើននៅក្នុងវិស័យកម្មន្តសាល វាយនភណ្ឌ ដែលមានទុនសរុប ២៨ពាន់លានដុល្លារ កើនឡើងជាង ៦០០០ពាន់លានដុល្លារ ស្មើនឹង២៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិត​កម្មម៉ាកGAC” នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

សម្ដេចធិបតីបានឱ្យដឹងថា ការកកើតច្រើននូវរោងចក្រសហគ្រាសក្នុងប្រទេសកម្ពុជា មិនត្រឹមតែជាការបង្កើតការងារនោះទេ តែជាការផ្ទេរជំនាញពិតប្រាកដ (សញ្ញាឃើញ) ដល់កូនខ្មែរ និងជាការបង្កើតធនធានកម្ពុជាឱ្យមានភាពធន់។

សម្ដេចធិបតីបញ្ជាក់ថា “ការរោងចក្រផ្គុំ និងដំឡើងរថយន្ត បានជួយកាត់បន្ថយការនាំចូលផលិតផល សម្រេចពីខាងក្រៅជំនួសមកវិញនូវការផលិត ផ្គុំក្នុងស្រុករក្សាបាននូវរូបិយបណ្ណបរទេស និងបង្កើនតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស ព្រោះបើយើងនាំចូលមក យើងបង់តែលុយៗទាំងអស់នៅក្រៅ ទាំងលុយសម្រាប់ពលកម្មជាដើម ប៉ុន្ដែយើងដំឡើងនៅក្នុងស្រុកមួយផ្នែកថវិកា ចូលទៅដល់បុគ្គលិកក្នុងស្រុករបស់យើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here