ដោយៈ និស្ស័យ
ភ្នំពេញៈ អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ លោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានអនុសហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន តំណាងក្រុមការងារបច្ចេកទេសពន្ធដារផ្នែកឯកជន និងតំណាងក្រុមហ៊ុន សហគ្រាសឯកជនពាក់ព័ន្ធក្នុងវិស័យពន្ធដារជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលខាងមុខនេះ។
ជាលទ្ធផល កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ដែលនៅសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មី របស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១. ការលក់នៅខាងក្រៅព្រំដែន ២. បញ្ហាពន្ធលើការផ្ទេរភាគហ៊ុន ៣. ការអនុវត្តអាករលើតម្លៃបន្ថែមលើផលិតផលថ្នាំជក់នាំចូល ៤. ពន្ធនាំចេញលើសារធាតុស្ពាន់ ៥. ការជួញដូរខុសច្បាប់លើផលិតផលបារី និងគ្រឿងស្រវឹង។ ៦. បញ្ហាទាក់ទងនឹងភេសជ្ជៈមានជាតិស្ករ។ ៧. សំណើសុំអន្តរាគមន៍ដើម្បីដោះស្រាយសំណើរួមរបស់តំណាងភាគីនិយោជិត និងនិយោជក រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ៕








