ក្រុមហ៊ុន​ធំៗ​បង្ហាញ​ចំណាប់​អារម្មណ៍​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ​លើ​វិស័យ​សំខាន់ៗ​ចំនួន​៤​នៅ​កម្ពុជា​

ដោយៈ ចំណាន

ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ចអាមេរិកដឹកនាំដោយ លោកស្រីចាន់ សុខវាសនា ស្ថាបនិក និងជាប្រធានសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (ACBC)។

នាឱកាសនៃជំនួបនេះ លោកស្រី ចាន់ សុខវាសនា បាន បង្ហាញនូវបំណងប្រាថ្នាយ៉ាងមុតមាំក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ បន្ថែមពីនេះ លោកស្រី បានគូសបញ្ជាក់ថា លោកស្រីនឹងដឹកនាំគណៈប្រតិភូធុរកិច្ចអាមេរិក ជាបន្តបន្ទាប់ទៀតមកកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក គណៈប្រតិភូក្នុងឱកាសនេះ សុទ្ធសឹងតែជាក្រុមហ៊ុនធំៗ ដែលមានចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗរួមមានដូចជា៖ ភស្តុភារ ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម និងកសិកម្មជាដើម។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនងដ៏ល្អប្រសើរជាមួយសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា នឹងអាចបង្កើនកិច្ចសហប្រតិបត្តិការ និងតភ្ជាប់ទំនាក់ទំន​ងរវាងធុរជន នៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់។

ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ក្នុងការចូលរួមពង្រឹងស្ពានសេដ្ឋកិច្ចតភ្ជាប់រវាងកម្ពុជា និងសហរដ្ឋអាមេរិក។ អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់អំពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និងយូរអង្វែងរយៈពេល៧៦ឆ្នាំ (១៩៥០-២០២៦) ព្រមទាំងបានរំលេចនូវព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រសំខាន់ៗរវាងប្រទេសទាំងពីរ។ អ្នកឧកញ៉ាប្រធាន ថ្លែងអំណរគុណចំពោះការគាំទ្ររបស់ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

អ្នកឧកញ៉ាប្រធាន បានបន្ថែមថា សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់។ លើសពីនេះ វត្ត​មានរបស់ក្រុមហ៊ុនលំដាប់ពិភពលោក របស់អាមេរិកដូចជា Coca-Cola Ford Chevron Caltex និងGE បានបង្ហាញយ៉ាងច្បាស់អំពីទំនុកចិត្តលើបរិយាកាសធុរកិច្ចនៅកម្ពុជា ដែលបច្ចុប្បន្នមានសន្តិភាព ស្ថិរភាពនយោបាយ និងឆ្ពោះទៅរកចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។

ភាគីទាំងពីរបានបង្ហាញនូវការតាំងចិត្ត និងជំនឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ច អាមេរិកនាពេលនេះ នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ភាពជាដៃគូវិនិយោគយូរអង្វែង និងនាំមកនូវផលប្រយោ​ជន៍សេដ្ឋកិច្ចទៅវិញទៅមក សម្រាប់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here