ដោយៈ ចំណាន
ប្រទេសចិនៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយប្រមុខដឹកនាំជាន់ខ្ពស់នៃ សាធារណរដ្ឋប្រជាមានិតចិន និងខេត្តហ្វូជៀន។
មន្រ្តីជាន់ខ្ពស់ចិន រួមមាន ទី១.លោក Han Zheng អនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ ទី២.លោក Zhou Zuyi លេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រចាំខេត្តហ្វូជៀន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តហ្វូជៀន។
នៅក្នុងជំនួបជាមួយប្រមុខដឹកនាំជាន់ខ្ពស់ទាំងពីររូប លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីទំនាក់ទំនង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន មិនត្រឹមតែជាទំនាក់ទំនងទ្វេភាគីធម្មតានោះទេ ប៉ុន្តែគឺជាមិត្តភាពដែកថែបដ៏រឹងមាំ ដែលត្រូវបានពូនជ្រំយ៉ាងយកចិត្តទុកដាក់ ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ។ ឈានមកដល់ឆ្នាំ២០២៦ ទំនាក់ទំនងជាប្រវត្តិសាស្ត្រនេះបានស្ដែងឱ្យឃើញកាន់តែច្បាស់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មយ៉ាងសកម្ម ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជាតិទាំងពីរ។
លោកបញ្ជាក់ថា “ទំនាក់ទំនងទ្វេភាគីនេះ បានឈានដល់កម្រិតកំពូលដែលមិនធ្លាប់មាន តាមរយៈ “កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” និងការរួមគ្នាកសាង “សហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល”។
ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ចិន លើការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗ តាំងពីដើមរៀងមក។
លោកក៏បានធ្វើបច្បុប្បន្នភាព នៃវឌ្ឍនភាពការងារពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” និងបានយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសារជាថ្មីចំពោះ ឯកឧត្តមប្រធានាធិបតី Xi Jinping, លោកឧត្តមនាយករដ្ឋមន្ត្រី Li Qiang និងរដ្ឋាភិបាលចិន សម្រាប់កិច្ចគាំទ្រគម្រោងជាប្រវត្តិសាស្រ្ត ដ៏ធំធេងមួយនេះរបស់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam)និងបានចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត ដោយសារវាបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេដ្ឋកិច្ចជាតិ។ ក្នុងស្មារតីនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ “សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នាថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅរាជធានីភ្នំពេញ ដែលជាសក្ខីភាពស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការទទួលខុសត្រូវខ្ពស់របស់កម្ពុជាក្នុងក្របខ័ណ្ឌតំបន់ និងជាអន្តរជាតិ។
បន្ថែមពីនោះ លោកឧបនាយករដ្ឋមន្ត្រីបានគូសរំលេចអំពីចំណុចសំខាន់ៗមួយចំនួនទៀតរួមមាន៖ (១) ការលើកកម្ពស់ទេសចរណ៍ ដោយកម្ពុជាបានដាក់ចេញនូវយុទ្ធនាការលើកលែងទិដ្ឋាការរយៈពេល៤ខែ សម្រាប់ទេសចរចិន (២)ស្ថានភាពព្រំដែនកម្ពុជា-ថៃ (៣)ការយកចិត្តទុកដាក់លើខ្ពស់ លើការថែទាំគាំទ្រវិនិយោគ, និង (៤)កិច្ចសហប្រតិបត្តិការបន្តបន្ទាប់ ដោយភាតរភាព ភាពស្មោះត្រង់ និងទំនុកចិត្តរវាងគ្នា។
ជាការឆ្លើយតប ប្រមុខដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន និងខេត្តហ្វូជៀន បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ លោកឧបនាយករដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ CIFIT លើកទី២៦ នេះ។
ភាគីចិនបានសម្តែងនូវការរំភើប និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះជំហរការទូតដ៏រឹងមាំរបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការថែទាំវិនិយោគិនចិន និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលកាយវិការទាំងនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតី “មិត្តភាពដែកថែប” ពិតៗរវាងប្រទេសទាំងពីរ។
បន្ថែមពីនេះ ភាគីចិនបានបង្ហាញឆន្ទៈជាថ្មី ក្នុងការបន្តគាំទ្រយ៉ាងពេញទំហឹង ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការអនុវត្តគម្រោងយុទ្ធសាស្ត្រសំខាន់ៗ ស្របតាមស្មារតីដែលបានព្រមព្រៀងដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ ភាគីចិន ជាពិសេសអាជ្ញាធរខេត្តហ្វូជៀន បានប្តេជ្ញានឹងបន្តជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស និងវិនិយោគិនពីខេត្តហ្វូជៀន ទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនឡើង ព្រមទាំងបង្កើនការផ្លាស់ប្តូរទស្សនកិច្ចផ្នែកទេសចរណ៍ និងប្រជាជន និងប្រជាជន ដើម្បីរួមចំណែកពង្រឹងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ និងផ្តល់ផ្លែផ្កាជាក់ស្តែងជូនដល់ប្រជាជាតិនៃប្រទេសទាំងពីរនាពេលអនាគត៕









