ដោយៈ ចំណាន
ប្រទេសចិនៈ កិច្ចប្រជុំកំពូលធុរកិច្ចចិន-អាស៊ាន ឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយជោគជ័យ និងផ្លែផ្កាយ៉ាងត្រចះត្រចង់នៅរាជធានីភ្នំពេញ។
តំណាងមកពីស្ថាប័នរដ្ឋាភិបាល វិទ្យាស្ថានស្រាវជ្រាវ សហគ្រាស និងស្ថាប័នហិរញ្ញវត្ថុមកពីប្រទេសចិន និងកម្ពុជាជាង៣០០នាក់ បានចូលរួម ដើម្បីពិភាក្សាអំពីការវិនិយោគ ឧស្សាហកម្ម ពាណិជ្ជកម្ម និងទីផ្សារមូលធន ព្រមទាំងស្វែងរកឱកាស សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម និងសេដ្ឋកិច្ច-ពាណិជ្ជកម្ម។
កិច្ចប្រជុំកំពូលនេះត្រូវបានជំរុញ និងរៀបចំរួមគ្នាដោយ សមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក , សហព័ន្ធសហគ្រិនអន្តរជាតិចិន និងវិទ្យាស្ថានចិនសម្រាប់នវានុវត្តន៍ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ក្នុងគោលបំណងបង្កើតវេទិកា សម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងវិស័យឯកជន ព្រមទាំងភ្ជាប់វិស័យឧស្សាហកម្មជាមួយប្រភពមូលធន និងជួយសហគ្រាសចិនឱ្យយល់ដឹងអំពីកម្ពុជា វិនិយោគនៅកម្ពុជា និងបង្កើតមូលដ្ឋានអភិវឌ្ឍន៍ រយៈពេលវែងនៅកម្ពុជា។
កិច្ចប្រជុំកំពូលនេះទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា ដោយមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចូលរួមក្នុងការផ្លាស់ប្តូរ និងផ្តល់ការណែនាំ អំពីគោលនយោបាយសម្រាប់ការវិនិយោគ និងការអភិវឌ្ឍអាជីវកម្ម។
ក្នុងនាមជាដៃគូដ៏សំខាន់ ក្នុងការជំរុញកិច្ចប្រជុំកំពូលនេះ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានប្រើប្រាស់យ៉ាងពេញលេញនូវជំនាញវិជ្ជាជីវៈរបស់ខ្លួន ក្នុងវិស័យហិរញ្ញវត្ថុ និងទីផ្សារមូលធន ដើម្បីតភ្ជាប់រដ្ឋាភិបាល សហគ្រាស វិស័យឧស្សាហកម្ម និងប្រភពមូលធន ព្រមទាំងបង្កើតបណ្តាញតភ្ជាប់កាន់តែមានប្រសិទ្ធភាព សម្រាប់សហគ្រាសចិនក្នុងការវិនិយោគនៅកម្ពុជា ជំរុញការអនុវត្តគម្រោង និងទទួលបានការគាំទ្រផ្នែកហិរញ្ញប្បទាន។
តាមរយៈការប្រើប្រាស់ហិរញ្ញវត្ថុ ដើម្បីជំរុញវិស័យឧស្សាហកម្ម និងមូលធនដើម្បីតភ្ជាប់សហគ្រាស ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានរួមចំណែកបន្ថែមក្នុងការតភ្ជាប់ គម្រោងឧស្សាហកម្មជាមួយទីផ្សារមូលធន ជួយសហគ្រាសឱ្យឈានពី “ការចូលមកកម្ពុជា” ទៅកាន់ “ការចាក់ឫសនៅកម្ពុជា” និងរួមគ្នាបើកឱកាសថ្មីៗនៅអាស៊ាន និងទីផ្សារអន្តរជាតិ៕








