ដោយៈ និស្ស័យ
ភ្នំពេញៈ ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ាគិត ម៉េង និងលោកកែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានបើកកិច្ចប្រជុំពិភាក្សា លើបង្កើតវេទិការសន្ទនាដោយផ្ទាល់ និងមានតម្លាភាព។
កិច្ចប្រជុំពិភាក្សានេះ ក៏មានការចូលរួមផងដែរ ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងរ៉ែ និងថាមពល សមាជិកសភាពាណិជ្ជកម្មកម្ពុជា ប្រធាន ឬតំណាងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សហប្រធានក្រុមការងារផ្នែកឯកជន នៃវេទិការាជារដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) និងប្រធាន ឬតំណាងគ្រឹះស្ថាន សមាគម ធុរជន ក្រុមហ៊ុនឯកជន និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង ដូចជា ទី១. ពង្រឹងកិច្ចសន្ទនារវាងរដ្ឋ និងឯកជន៖ បង្កើតវេទិការសន្ទនាដោយផ្ទាល់ និងមានតម្លាភាព រវាងថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល ជាមួយសភាពាណិជ្ជកម្មកម្ពុជា ដែលតំណាងឲ្យវិស័យឯកជន ធុរជន សមាគធុរកិច្ច និងអ្នកវិនិយោគ និងក្រុមហ៊ុនឯកជន នៅក្នុងស្រុក ដើម្បីទទួលយកនៅអនុសាសន៍ ផ្លាស់ប្តូរព័ត៌មាន និងយោបល់នានាលើការអភិវឌ្ឍវិស័យរ៉ែ និងថាមពលនៅកម្ពុជា។
ទី២. ដោះស្រាយបញ្ហាប្រឈម និងក្តីកង្វល់៖ បើកឱកាសឱ្យផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម ឧបសគ្គបច្ចេកទេស និងកង្វល់ជាក់ស្តែងរបស់សមាគមធុរកិច្ច សហគ្រាស/ក្រុមហ៊ុនឯកជន ទាក់ទងនឹងការប្រើប្រាស់ថាមពល ថ្លៃដើមអគ្គិសនី និងបទដ្ឋានគតិយុត្ត មកពិភាក្សាដោយផ្ទាល់ ដើម្បីស្នើសុំដំណោះស្រាយ និងការសម្របសម្រួលពីភាគីរាជរដ្ឋាភិបាល ជាពិសេសជាមួយក្រសួងរ៉ែនិងថាមពល។
នៅក្នុងឱកាសនោះ អ្នកឧកញ៉ា ប្រធាន បានគូសបញ្ជាក់ថា “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលកម្ពុជា បានបន្តរក្សានូវអាទិភាពគន្លឹះចំនួន៤ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង” និងបានបន្ថែមអាទិភាពគន្លឹះទី៥ គឺ “បច្ចេកវិទ្យា” ដើម្បីឆ្លើយតបទៅនឹងបរិវដ្តកម្មឌីជីថលសកល។
អ្នកឧកញ៉ា បានបន្ថែមថា វិស័យរ៉ែ និងថាមពល គឺជាសសរទ្រូងសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការជំរុញកំណើនឧស្សាហកម្ម ទាក់ទាញការវិនិយោគទុនបរទេស និងគាំទ្រដល់ការអភិវឌ្ឍ ប្រកបដោយចីរភាព ដែលវិស័យនេះ កំពុងត្រូវបានផ្លាស់ប្តូរទម្រង់ថ្មីជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន និងសេដ្ឋកិច្ចជាតិ និងបរិបទសកលលោក។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា វិស័យឯកជនគឺជាដៃគូរបស់រាជរដ្ឋាភិបាល ដែលមិនអាចខ្វះបាន និងជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងក្នុងវិស័យរ៉ែ និងថាមពល។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានស្នើឱ្យផ្នែកឯកជនទាំងអស់ប្រើប្រាស់យន្តការក្រុមការងារ នៃយន្តការវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជន ដែលមានសភាពាណិជ្ជកម្មកម្ពុជា ជាច្រកចេញចូលតែមួយគត់ ដើម្បីលើកឡើងនូវបញ្ហាប្រឈម និងក្តីកង្វល់នានា សំដៅស្វែងរកដំណោះស្រាយ និងការសម្របសម្រួលពីសំណាក់ភាគី រាជរដ្ឋាភិបាល។
លោករដ្ឋមន្រ្តី បានស្នើឱ្យសភាពាណិជ្ជកម្មកម្ពុជា បន្តរៀបចំឱ្យមានកិច្ចប្រជុំពិភាក្សារវាងរដ្ឋ និងឯកជនបែបនេះជាបន្តបន្ទាប់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំតាមក្រសួង -ស្ថាប័ននីមួយៗ ដើម្បីបង្កើតឱ្យមានកិច្ចសន្ទនាដោយផ្ទាល់ និងមានតម្លាភាព ជាមួយតំណាងធុរជន និងក្រុមហ៊ុនឯកជន៕








