ដោយៈ ចំណាន
ក្រចេះ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឲ្យថ្នាក់ដឹកនាំតាមបណ្តាខេត្តនានា ខិតខំបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ព្រមទាំងរៀបចំព្រឹត្តិការណ៍នានា ដើម្បីបង្កើនភាពទាក់ទាញទៅកាន់ភ្ញៀវទេសចរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវចំនួន៣ខ្សែ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅខេត្តក្រចេះ។
សម្តេចបញ្ជាក់ថា “នៅខេត្តផ្សេងៗឥឡូវ មានខ្លះគេដាក់នាគ មានខ្លះគេដាក់សេះសមុទ្រ ដូចកែបអីមានក្ដាម យើងទាក់ទាញទៅមានអីខេត្តជាប់សមុទ្រហើយ នៅកោះកុងមាន ឃុនឆាងឃុនផែន អីចឹងទៅនៅកំពតមានឆ្នេរសិប្បនិមិត្តអីចឹងទៅ”។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានបន្តថា បណ្តាខេត្តនានាកំពុងបង្កើតផលិតផល និងតំបន់ទេសចរណ៍ប្លែកៗ ដើម្បីបង្កើនភាពទាក់ទាញ។ ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់បញ្ជាក់ថា ការរៀបចំ និងអភិវឌ្ឍតំបន់ទេសចរណ៍ឲ្យមានសោភ័ណភាព ស្អាត និងមានភាពទាក់ទាញ គឺជាមូលដ្ឋានសំខាន់ ក្នុងការជំរុញវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរពីគ្រប់ទិសទី។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឧទាហរណ៍ពីខេត្តសៀមរាប ដែលថ្មីៗនេះមានទេសភាព “Matcha Strawberry” ដែលបង្កើតឡើងដោយបាតុភូតធម្មជាតិ ពោលគឺស្លឹកឈើជ្រុះមកជាមួយពណ៌ក្រហម និងបៃតង ធ្វើឲ្យមានទេសភាពស្រស់ស្អាត ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងបង្កើតជាបទពិសោធន៍ថ្មីសម្រាប់ការកម្សាន្ត។ ទេសភាពនេះ បានទាក់ទាញភ្ញៀវទេសចរជាច្រើនទៅលេងកម្សាន្ដផងដែរ៕











