មន្រ្តីជាន់ខ្ពស់​លើក​ឡើង​ពី​វឌ្ឍនភាពការងារ​ដល់​គណៈ​កម្មការ​ទី៣​នៃ​ព្រឹទ្ធសភា​ ដើម្បី​ជម្រាប​អំពី​វឌ្ឍនភាពការងារ

ដោយៈ ចំណាន

   ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយលោក បណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ។

កិច្ចពិភាក្សាការងារនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងយល់ឱ្យបានលម្អិត និងស៊ីជម្រៅអំពីវឌ្ឍនភាពការងា​រ ព្រមទាំងទិសដៅការងារបន្តរបស់ស្ថាប័ន ក.អ.ក. សំដៅលើកកម្ពស់កិច្ចសហការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិឱ្យកាន់តែជិតស្និទ្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការនេះ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមកសាងជំនឿទុកចិត្ត និងបង្កើតបរិយាកាសវិនិយោគដ៏រឹងមាំ សម្រាប់វិនិយោគិនទាំងជាតិ និងអន្តរជាតិ នៅក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងបោះជំហានទៅមុខ ជាមួយនឹងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការចាប់យកការវិនិយោគលើឧស្សាហកម្មដែលផ្តល់តម្លៃបន្ថែមខ្ពស់។

នៅក្នុងឱកាសនោះ លោកបណ្ឌិតប្រធានគណៈកម្មការ បានជម្រាបជូនអង្គប្រជុំអំពីតួនាទី និងភារកិច្ចរបស់គណៈកម្មការទី៣ ក្នុងការតាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ ព្រមទាំងគោលនយោបាយនានាដែលពាក់ព័ន្ធ នឹងការអភិវឌ្ឍវិស័យកសិកម្ម បរិស្ថាន វិនិយោគ និងធនធានធម្មជាតិ។

លោកបណ្ឌិតក៏បានបញ្ជាក់បន្ថែម អំពីបេសកកម្មរួមរបស់គណៈកម្មការនានានៃព្រឹទ្ធសភា ក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការរៀបចំច្បាប់ ការការពារផលប្រយោជន៍ជាតិ និងការឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងផ្នែកវិនិយោគ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីតួនាទី និងបេសកកម្មចម្បងរបស់ ក.អ.ក. ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្នុងការរៀបចំយុទ្ធសាស្ត្រទាក់ទាញ សម្របសម្រួល និងផ្តល់សេវាថែទាំគាំទ្រការវិនិយោគ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង លើការធ្វើកំណែទម្រង់ផ្ទៃក្នុង និងការចាប់យកឌីជីថលូបនីយកម្ម តាមរយៈទំនើបកម្មនៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធcdcIPM) ដើម្បីចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់តាមប្រព័ន្ធអនឡាញ។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីកត្តាវិជ្ជមាន និងសក្តានុពលសំខាន់ៗរបស់កម្ពុជា ដែលជាបច្ច័យធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចមានភាពរស់រវើក ក្នុងនោះរួមមាន៖ កម្លាំងពលកម្មវ័យក្មេង, ទីតាំងភូមិសាស្ត្រ, ច្បាប់ស្តីពីវិនិយោគ ដែលមានលក្ខណៈអំណោយផល, ការគិតគូរខ្ពស់ពីរាជរដ្ឋាភិបាល ចំពោះផ្នែកឯកជន ជាមួយយន្តការនានាដែលបាននិងកំពុងអនុវត្ត គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មជាតិ។

ជាលទ្ធផល ឆ្លងកាត់ការពិភាក្សាផ្លាស់ប្តូរទស្សនៈយោបល់យ៉ាងផុលផុស និងស្និទ្ធស្នាល គណៈប្រតិភូគណៈកម្មការទី៣ នៃព្រឹទ្ធសភា បានបង្ហាញ នូវចំណាប់អារម្មណ៍យ៉ាងខ្លាំងលើព័ត៌មាន វឌ្ឍនភាពការងា​រ និងទិសដៅការងារបន្តយ៉ាងសម្បូរបែប ដែលត្រូវបានចាត់ទុកជាចំណេះដឹងថ្មីៗបន្ថែម សម្រាប់ស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការយកទៅប្រើប្រាស់ជាប្រយោជន៍ដល់ការងារពិនិត្យ និងកសាងលិខិតបទដ្ឋានគតិយុត្ត។ ជាមួយគ្នានោះដែរ គណៈប្រតិភូក៏បានសម្តែងនូវការគោរពកោតសរសើរដោយស្មោះ ចំពោះមគ្គុទេសក៍ភាព ភាពស្វាហាប់ និងការប្តេជ្ញាចិត្តខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាកព័ន្ធទាំងអស់នៃ ក.អ.ក. ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តលើកំណែទម្រង់ស៊ីជម្រៅ និងទាក់ទាញការវិនិយោគយ៉ាងសកម្ម សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងមានបរិយាបន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here