ប្រតិភូ​ iFLYTEK ក្រុមហ៊ុនAI ​ឈានមុខ​មួយ​របស់​ប្រទេសចិន​ទទួល​ស្គាល់​ពី​ការ​អភិវឌ្ឍកម្ពុជា

ដោយៈ ម៉ាណា

ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុនiFLYTEK ដឹកនាំដោយ លោក Fang Ming អនុប្រធានក្រុមហ៊ុន ចូលជួបពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួម អមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងគណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

iFLYTEK ជាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិត (AI)ដ៏ធំនិងឈានមុខមួយរបស់ប្រទេសចិន ដែលត្រូវបានចុះបញ្ជីជាសាធារណៈ និងមានភាគហ៊ុនមួយផ្នែកជារបស់រដ្ឋ ដោយមានទីស្នាក់ការកណ្តាលស្ថិតនៅក្រុងហឺហ្វេ ខេត្តអានហួយ នៃប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ដោយមានឯកទេសលើបច្ចេកវិទ្យាសំឡេង (Speech Recognition) ដំណើរការភាសាធម្មជាតិ (Natural Language Processing) ម៉ាស៊ីនរៀន (Machine Learning) និងគំរូការយល់ដឹងកម្រិតខ្ពស់ (Cognitive Large Models)ដែលមានសមត្ថភាព “គិត វិភាគ និងយល់ដឹង” ប្រហាក់ប្រហែលនឹងខួរក្បាលមនុស្ស។

ក្នុងឱកាសនៃជំនួបនេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ទៅកាន់គណៈប្រតិភូ iFLYTEK និងបានរំលឹកឡើងវិញនូវជំនួបប្រកបដោយផ្លែផ្កា និងបរិយាកាសស្និទ្ធ​ស្នាលនាពេលកន្លងមក រវាងភាគីទាំងពីរ ក្នុងអំឡុងពេលនៃការរៀបចំ  “សិក្ខាសាលាផ្សព្វផ្សាយវិនិយោគកម្ពុជា” កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ជាការឆ្លើយតប លោកអនុប្រធានក្រុមហ៊ុន បានថ្លែងជម្រាបជូនយ៉ាងអំពីសាវតា ជំនាញឯកទេស បច្ចុប្បន្នភាពនៃប្រតិបត្តិការអាជីវកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិនានា ដែលក្រុមហ៊ុនកំពុងអនុវត្ត។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីនិន្នាការជាសកល ក្នុងការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាព ផលិតភាព និងឧត្តមភាពក្នុងប្រតិបត្តិការការងារ ទាំងក្នុងវិស័យសាធារណៈ និងឯកជន។

ដើម្បីប្រែក្លាយឱកាសនេះ ឱ្យទៅជាកិច្ចសហប្រតិបត្តិការ ជាក់ស្តែងណាមួយនាពេលអនាគត លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ណែនាំ ជូនដល់គណៈប្រតិភូក្រុមហ៊ុន iFLYTEK ឱ្យរៀបចំជំនួបពិភាក្សាការងារជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគ​មនាគមន៍ ដែលជាស្ថាប័នជំនាញ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅសិក្សាស្វែងយល់បន្ថែមអំពីលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហប្រតិ​បត្តិការដែលអាចទៅរួច និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

គណៈប្រតិភូ iFLYTEK ក៏បានលើកឡើងអំពីតថភាពពិត នៃសង្គមកម្ពុជា តាមរយៈបទពិសោធន៍ នៃការអញ្ជើញមកដល់ និងបំពេ ញទស្សនកិច្ចការងារដោយផ្ទាល់ នៅលើទឹកដីនៃរាជធានីភ្នំពេញ នាពេលនេះ ដែលបង្ហាញយ៉ាងច្បាស់អំពីសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងបរិយាកាសវិនិយោគដ៏ល្អប្រសើរ ដែលផ្ទុយស្រឡះ ពីព័ត៌មានអវិជ្ជមានមួយចំនួន ដែលត្រូវបានផ្សព្វផ្សាយនាពេលកន្លងមក។

តំណាងក្រុមហ៊ុនបានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here