ដោយៈ ចំណាន
ភ្នំពេញៈ របាយការណ៍បានបង្ហាញថា ពេញមួយខែកក្កដា ឆ្នាំ២០២៦នេះកន្លងមកនេះ មានគម្រោងវិនិយោគចំនួន៣៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៥២៥លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងនោះចុះបញ្ជីដោយ ក.អ.ក. មានចំនួន២៣គម្រោង និងចុះបញ្ជីដោយអនុគណៈកម្មាធិការ វិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន១០គម្រោង។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា ដែលបណ្តាញព័ត៌មានបានឲ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា កាលពីខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការ វិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានសម្រេចអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៥២៥លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ បានប្រមាណ១៧ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគខាងលើ គម្រោងដែលត្រូវបានចុះបញ្ជីដោយ ក.អ.ក. មានចំនួន២៣គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ៤៩៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៩ពាន់កន្លែង។ ដោយឡែក គម្រោងវិនិយោគ ដែលត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានចំនួន១០គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ៣១លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណ៨ពាន់កន្លែង។
ការវិនិយោគក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦នេះ កម្ពុជានៅតែបន្តទាក់ទាញគម្រោងវិនិយោគ ដែលមានគុណភាព ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ដែលមានកំណើនទំហំទុនវិនិយោគ ខណៈវិស័យឧស្សាហកម្ម នៅតែជាវិស័យនាំមុខក្នុងការ ទាក់ទាញវិនិយោគ៕









