ដោយៈ ម៉ាណា
ភ្នំពេញៈ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Thomas Lammar ភារធារីនៃស្ថានទូតលុចសំបួប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងលុចសំបួ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Thomas Lammar និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនលុចសំបួ ដែលតែងតែគាំទ្រ និងបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសការចាប់អារម្មណ៍ និងការគាំទ្រដល់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ (Vocational School of Tourism – VST) របស់ក្រសួងទេសចរណ៍ តាមរយៈដំណើរទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់ចំនួនពីរលើកនាពេលកន្លងមក។
លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថាជំនួបនាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួម និងជាក់ស្តែងរបស់ប្រទេសទាំងពីរ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ដោយបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ព្រមទាំងបានលើកឡើងអំពីយុទ្ធនាការ “Cambodia: Kingdom of Wonder, Feel the Warmth”និង “ទស្សនាកម្ពុជា នារដូវកាលបៃតង” និងកិច្ចសហការជាមួយក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ អ្នកបង្កើតមាតិកា និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការធ្វើដំណើរ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។
ជាកិច្ចឆ្លើយតប លោកភារធារី បានគូសបញ្ជាក់ពីការចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ សម្រាប់កម្មវិធីសហប្រតិបត្តិទ្វេភាគី (Cambodia-Luxembourg Indicative Cooperation Programme) និងជំហរក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចឱ្យបានដល់កម្រិតស្តង់ដារ និងកិត្តិនាមដែលប្រទេសលុចសំបួ ត្រូវបានទទួលស្គាល់ថា លើពិភពលោកជាប្រទេសនាំមុខមួយលើផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច។
លោករដ្ឋមន្រ្តីក៏បានស្នើសុំកិច្ចសហការពីស្ថានទូត ក្នុងការជួយផ្សព្វផ្សាយគោលដៅ និងសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) ពីផ្នែកឯកជន និងសារព័ត៌មាន ពីប្រទេសលុចសំបួ មកស្វែងយល់ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ការលើកកម្ពស់ការវិនិយោគក្នុងវិស័យទេសចរណ៍ និងការពង្រឹងការផ្លាស់ប្តូរប្រជាជន និងប្រជាជន សំដៅបង្កើនលំហូរភ្ញៀវទេសចរ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។
គិតមកដល់ឆ្នាំ២០២៦នេះ ទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសកម្ពុជា និងប្រទេសលុចសំបួ មានរយៈពេលជាច្រើនទសវត្សមកហើយ ហើយត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ និងគ្របដណ្តប់លើវិស័យជាច្រើន ជាពិសេសតាមរយៈព្រះរាជទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជារបស់ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ អមដំណើរដោយឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងសកម្មភាពមនុស្សធម៌ កាលពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ កន្លងមក។
សម្រាប់ឆ្នាំ២០២៦ នេះ ទំព័រសហប្រតិបត្តិការថ្មីមួយទៀត ត្រូវបានបង្កើតឡើងគឺក្នុងវិស័យទេសចរណ៍៕








