មន្រ្តី​ជាន់ខ្ពស់​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​ការ​វិនិយោគ​លើ​ការ​ផលិតខ្សែភ្លើង​ក្នុង​រថយន្ត​នៅ​កម្ពុជា​

ដោយៈ ម៉ាល័យ

   ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពី “វឌ្ឍនភាពនៃការវិនិយោគ លើការផលិតខ្សែភ្លើងក្នុងរថយន្តនៅកម្ពុជា”។

កិច្ចប្រជុំពិភាក្សានាព្រឹកនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំនៃ ក.អ.ក. តំណាងក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាក្រុមហ៊ុន ផលិតខ្សែភ្លើងក្នុងរថយន្ត ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គប្រជុំទាំងមូលបានដំណើរការទៅយ៉ាងរលូន ដោយបានផ្តោតលើរបៀបវារៈ និងគោលបំណងយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ ១. ការពិនិត្យលើបច្ចុប្បន្នភាពនៃវឌ្ឍនភាពទូទៅ របស់វិស័យផលិតខ្សែភ្លើងក្នុងរថយន្តនៅកម្ពុជា ២. បទរាយការណ៍ដោយសង្ខេបពីបច្ចុប្បន្នភាពនៃសកម្មភាពផលិតកម្ម និងស្ថានភាពទូទៅនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដោយតំណាងក្រុមហ៊ុននីមួយៗ និង៣. ការលើកឡើងពីតំណាងក្រុមហ៊ុននីមួយៗ នូវមតិយោបល់ និងសំណូមពរផ្សេងៗ ក្នុងគោលបំណងធ្វើឱ្យដំណើរការអាជីវកម្មក្នុងវិស័យនេះ កាន់តែមានប្រសិទ្ធភាព និងភាពប្រកួតប្រជែងខ្ពស់។

អង្គប្រជុំបានទទួលស្តាប់ដោយយកចិត្តទុកដាក់ និងបានបើកការពិភាក្សាផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ រវាងតំណាងក្រសួង-ស្ថាប័នរដ្ឋ និងភាគីឯកជន សំដៅស្វែងរកយន្តការរួម ដែលឆ្លើយតបចំតម្រូវការ និងទាន់ពេលវេលា។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់អំពីសារសំខាន់នៃវិស័យមួយនេះ ក្នុងការរួមចំណែកយ៉ាងសកម្មដល់ការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យាទំនើបផងដែរ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយភាគីឯកជន ក្នុងការតាមដាន និងឆ្លើយតបលើរាល់សំណូមពរ ដែលបានលើកឡើងក្នុងកិច្ចប្រជុំ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងតំបន់និងសកលលោក។

ជាលទ្ធផល តំណាងក្រុមហ៊ុនផលិតខ្សែភ្លើង ក្នុងរថយន្តទាំងអស់ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ក.អ.ក. ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានបើកវេទិកាពិភាក្សាដោយផ្ទាល់ ប្រកបដោយភាពស្និទ្ធស្នាល និងឆន្ទៈសហការខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here