រដ្ឋមន្រ្តីក្រសួងចំនួន២ពិនិត្យស្ថានភាពជាក់ស្តែងនៅសួនអាស៊ាន-កូរ៉េ ខេត្តសៀមរាប

ដោយៈ ម៉ាណា

   សៀមរាបៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងកសិ​កម្ម អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង នៅសួនអាស៊ាន-កូរ៉េ ខេត្តសៀមរាប ដើម្បីជំរុញការអភិរក្សធនធានធម្មជាតិ និងទេសចរណ៍បៃតង។

បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពិធីដាំដើមឈើប្រណិតរួចមក លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ច និងចុះពិនិត្យស្ថានភាពជាក់ស្តែងនៅបរិវេណ សួនអាស៊ាន-កូរ៉េ (សួនក្រញ៉ូង) ខេត្តសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់ពីស្ថានភាពជាក់ស្តែង និងសក្តានុពលនៃសួនអាស៊ាន-កូរ៉េ ព្រមទាំងពិនិត្យលទ្ធភាពក្នុងការពង្រឹងការអភិរក្ស និងការដាំដុះប្រភេទឈើប្រណិត បង្កើនគម្របបៃតង និងលើកកម្ពស់សោភ័ណភាពបរិស្ថាន ដើម្បីផ្សារភ្ជាប់ធនធានធម្មជាតិជាមួយការអភិវឌ្ឍ ផលិតផលទេសចរណ៍បៃតង និងអេកូទេសចរណ៍ប្រកបដោយចីរភាពនៅខេត្តសៀមរាប។

ទស្សនកិច្ចនេះក៏ជាការបង្ហាញ ពីកិច្ចសហការជាក់ស្តែងរវាងក្រសួងទាំងពីរ ក្នុងការរួមគ្នាជំរុញ “ខ្សែក្រវាត់បៃតង” នៅតាមតំបន់ទេសចរណ៍ ផ្សារភ្ជាប់ការអភិរក្សបរិស្ថាន ជាមួយការអភិវឌ្ឍវិស័យទេសចរណ៍ និងបង្កើតភាពទាក់ទាញថ្មីៗ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here