ដោយៈ ម៉ាណា
ភ្នំពេញៈ ដើម្បីចូលរួមជំរុញសកម្មភាពទេសចរណ៍ ក្នុងខេត្តសៀមរាប ក្នុងរដូវកាលបៃតងឱ្យមានភាពរស់រវើកថែម ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប សមាគមសណ្ឋាគារកម្ពុជាសាខាខេត្តសៀមរាប សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប ព្រមទាំងទទួលបានការគាំទ្រ ពីអាជីវកម្មទេសចរណ៍នានា បានដាក់ឱ្យដំណើរការសាកល្បង កម្មវិធីលក់បញ្ចុះតម្លៃសេវាកម្មទេសចរណ៍ប្រចាំឆ្នាំ២០២៦ (2026 Siem Reap Tourism Service Mega Sale)។
នេះបើតាមការបញ្ជាក់របស់ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាស្តីពី ការជំរុញការតភ្ជាប់គោលដៅទេសចរណ៍ ពីតំបន់ទេសចរណ៍បេតិកភណ្ឌសៀមរាប-អង្គរ ទៅកាន់គោលដៅទេសចរណ៍នានា ក្នុងព្រះរាជាណាចក្រកម្ពុជា” និងការផ្សព្វផ្សាយការបញ្ចុះតម្លៃ (Mega Sales) សេវាទេសចរណ៍ខេត្តសៀមរាបក្នុងរដូវកាលបៃតង នៅខេត្តសៀមរាប នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ។
លោករដ្ឋមន្ត្រី ហួត ហាក់ មានប្រសាសន៍ថា តាមរយៈការដាក់ដំណើរការសាកល្បងនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងទទួលបានការបញ្ចុះតម្លៃពិសេសចាប់ពី ១០% ដល់៥០% សម្រាប់សេវាកម្មកម្រិតផ្កាយ៣ រហូតដល់ផ្កាយ៥ ដោយភ្ញៀវទេសចរអាចធ្វើការកក់សេវាកម្មទេសចរណ៍តាមរយៈគេហទំព័រ www.cambodiawonder.com។
ជាមួយគ្នានេះ លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ វិស័យឯកជន អ្នកផលិតមាតិកាទេសចរណ៍ និងក្រុមការងាររៀបចំទាំងអស់ ដែលបានសហការគាំទ្រ និងរួមចំណែកធ្វើឱ្យសិក្ខាសាលានេះ ប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់។
លោកសង្ឃឹមយ៉ាងមុតមាំថា ស្មារតីកិច្ចសហការដែលកើតចេញពីសិក្ខាសាលានេះ នឹងបន្តជំរុញឱ្យមានសកម្មភាពរួម ប្រកបដោយប្រសិទ្ធភាព ក្នុងការលើកកម្ពស់ការតភ្ជាប់គោលដៅទេសចរណ៍ ការបង្កើនភាពប្រកួតប្រជែង និងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព។
លោកប្រាក់ សោភ័ណ បន្តថា ក្នុងនាមគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប លោកបានទទួលយកនូវរាល់អនុសាសន៍ និងធាតុចូល ដែលទទួលបានពីសិក្ខាសាលានេះ ដើម្បីបន្តសិក្សា សម្របសម្រួល និងជំរុញការអនុវត្តជាមួយភាគីពាក់ព័ន្ធ ឱ្យមានប្រសិទ្ធភាពខ្ពស់៕










