សង្កាត់ផ្សារភាគហ៊ុនដ៏ល្បីល្បាញWall Street ហក់ឡើងខ្ពស់ នៅពេលចូ បៃឌិន ស្បថចូលកាន់តំណែងជាផ្លូវការ

ដោយៈសុខុម

សហរដ្ឋអាមេរិកៈ សង្កាត់ផ្សារភាគហ៊ុនដ៏ល្បីល្បាញ របស់សហរដ្ឋអាមេរិក Wall Street បានហក់ឡើងខ្ពស់មិនធ្លាប់មានកាលពីថ្ងៃពុធ ទី២០ មករា នៅពេលលោក ចូ បៃឌិន បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ភាគហ៊ុនរបស់ក្រុមហ៊ុនអាមេរិកNetflix ដែលជាអ្នកផ្ដល់សេវាកម្ម Streaming Services (សេវាកម្មជាវភាពយន្ត និងកម្មវិធីទូរទស្សន៍ ដែលអ្នកអាចមើលបណ្ដើរ ដោនឡូតបណ្ដើរទុកមើលលើកក្រោយទៀត) ធំបំផុតរបស់ពិភពលោក បានហក់ឡើងខ្ពស់រហូតដល់ទៅ១៦,៨៥% ក្រោយពីក្រុមហ៊ុននេះនិយាយថា ខ្លួននឹងលែងត្រូវការខ្ចីប្រាក់រាប់ពាន់លានដុល្លារ ដើម្បីទប់ការចំណាយលើកម្មវិធីទូរទស្សន៍ និងភាពយន្តរបស់ខ្លួនទៀតហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនផ្សេងទៀតដែលស្ថិតក្នុងក្រុម FAAMG ឬ GAFAM (ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង ៥ របស់អាមេរិក រួមមាន Facebook, Amazon, Apple, Microsoft, Google) ក៏បានហក់ឡើងដែរ ដោយAlphabet Inc ដែលជាក្រុមហ៊ុនមេរបស់ Google បានហក់ឡើង៥,៣៦%។ សន្ទស្សន៍ផ្សារភាគហ៊ុន NYSE FANG+TM Index បានហក់ឡើង ៤,៧៧%។

លោកRoss Mayfield អ្នកវិភាគអំពីយុទ្ធសាស្ត្រវិនិយោគ ប្រចាំនៅធនាគារវិនិយោគពហុជាតិសាសន៍អាមេរិកBaird បានលើកឡើងថា វាជាថ្ងៃដែលក្រុមហ៊ុនបច្ចេកវិទ្យា ទទួលបានលទ្ធផលយ៉ាងល្អ ដែលពិតជាកម្រមានណាស់ក្នុងរយៈពេល ២ ឬ៣ ខែមកនេះ ហើយបណ្ដាក្រុមហ៊ុនដែលស្ថិតក្នុងក្រុម FAAMG និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀត ដែលចុះបញ្ជីក្នុងផ្សារភាគហ៊ុនអាមេរិក S&P 500 អាចនឹងចំណេញកប់ក្ដោងនៅពេលដ៏ខ្លីខាងមុខ បើយោងតាមការព្យាករ។

ក្រុមទីប្រឹក្សានិយាយថា លោក ចូ បៃឌិន នឹងមិនខ្ជះខ្ជាយពេលវេលាឡើយនៅក្នុងការស្ដារប្រទេសឡើងវិញ ក្រោយរដ្ឋការរបស់លោកដូណាល់ ត្រាំ បានបញ្ចប់។

គ្រាន់តែឡើងកាន់តំណែងភ្លាម លោកចូ បៃឌិន បានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិ (Executive Order) រហូតដល់ទៅ១៥លើបញ្ហានានា ដែលមានចាប់ពីបញ្ហាឆ្លងរាតត្បាតវីរុសកូវីដ-១៩ បញ្ហាសេដ្ឋកិច្ច រហូតដល់បញ្ហាប្រែប្រួលអាកាសធាតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here