ដោយៈ ម៉ាណា
ភ្នំពេញៈ លោកលឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាស្តីពី “កាតព្វកិច្ចសារពើពន្ធសម្រាប់សហគ្រាសប្រភេទ CMT និង FOB និងការកាត់កងចំណាយក្នុងអត្រា១៥០ភាគរេយ ពីមូលដ្ឋានគិតពន្ធលើចំណាយជាក់លាក់មួយចំនួន” ដែលជាផ្នែកមួយនៃវេទិកាពន្ធដារ២០២៦ នៅទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ។
ក្នុងឱកាសនោះ លោកអគ្គលេខាធិការរងបានធ្វើការបកស្រាយ និងបង្ហាញពីសាវតា និងភាពខុសគ្នារវាងសហគ្រាសប្រភេទ CMT ដែលជារោងចក្រស៊ីឈ្នួលដេរ ដោយធាតុចូលផលិតកម្មត្រូវបានផ្គត់ផ្គង់ដោយអ្នកបញ្ជាទិញ និងសហគ្រាសប្រភេទFOB ដែលផលិតផ្គត់ផ្គង់ដោយទទួលខុសត្រូវ លើខ្សែច្រវាក់ផលិតកម្មទាំងមូល ចាប់តាំងពីការបញ្ជាទិញវត្ថុធាតុដើម រហូតដល់ទំនិញត្រូវបានដឹកជញ្ជូនចេញ។
ទន្ទឹមនឹងនេះ លោកលឹម វិសាល ក៏បានរៀបរាប់អំពីលក្ខណៈវិនិច្ឆ័យនៃគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ដើម្បីចៀសវាងការបកស្រាយខុស ពីស្មារតីនៃលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។
បន្ថែមពីនេះ លោកក៏បានធ្វើការពន្យល់យ៉ាងលម្អិត អំពីវិធាននៃការលើកទឹកចិត្តបន្ថែមក្រោមច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងបទប្បញ្ញត្តិពាក់ព័ន្ធ តាមរយៈការអនុញ្ញាតឱ្យគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ កាត់កងចំណាយក្នុងអត្រា១៥០% ពីមូលដ្ឋានគិតពន្ធលើសកម្មភាពអាទិភាពមួយចំនួន។
សកម្មភាពទាំងនោះ រួមមានការស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍ ការអភិវឌ្ឍធនធានមនុស្ស ការសាងសង់កន្លែងស្នាក់នៅ អាហារដ្ឋាន ទារកដ្ឋាន មធ្យោបាយដឹកជញ្ជូន ការធ្វើទំនើបកម្មគ្រឿងម៉ាស៊ីនបម្រើឱ្យខ្សែច្រវាក់ផលិតកម្ម និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តកម្មសំណល់។
ដើម្បីទទួលបានសិទ្ធិលើកទឹកចិត្តនេះ សហគ្រាសត្រូវបំពេញតាមលក្ខខណ្ឌសារវ័ន្ត ដោយត្រូវចុះបញ្ជីត្រឹមត្រូវ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ហេតុការណ៍បណ្តាលឱ្យមានការចំណាយ សកម្មភាពសេដ្ឋកិច្ចពិតកើតឡើងការកាន់បញ្ជីគណនេយ្យ និងវិក្កយបត្រ ឬឯកសារយុត្តិកម្មច្បាស់លាស់ដើម្បីបញ្ជាក់ពីចំណាយពិតប្រាកដ៕









