ដោយៈ ម៉ាណា
ភ្នំពេញៈ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំត្រីមាស នៃគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា។
កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាពលោកបួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានគ្រប់គ្រងគម្រោង។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្តគោលដៅទាំង៥ លោកអភិបាលក្រុង-ស្រុក និងតាមប្រព័ន្ធអនឡាញពីតំណាងធនាគារពិភពលោក តំណាងក្រុមហ៊ុនDohwa សរុបប្រមាណ៥០រូប នៅទីស្តីការក្រសួងមហាផ្ទៃ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាលើការងារមួយចំនួនដូចជា ទី១. ពិនិត្យមើលវឌ្ឍនភាពការងារ ប្រចាំត្រីមាសរបស់គម្រោង ទី២. ការបង្ហាញលទ្ធផល នៃការសិក្សារបស់ក្រុមហ៊ុនCrisil។
ជាការចូលរួម លោកអភិបាលរង បានលើកឡើងអំពី ស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈមដែលនាំឱ្យមានការកើនឡើង នៃបរិមាណសំរាមក្នុងក្រុងព្រះសីហនុ។ ជាមួយគ្នានេះ លោកក៏បានលើកជាសំណូមពរ និងគម្រោងមួយចំនួនរបស់រដ្ឋបាលខេត្ត ដើម្បីកាត់បន្ថយបរិមាណសំរាមនៅក្នុងទីប្រជុំជន។
“គម្រោងធ្វើឲ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា” ត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នៅកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ មានទិសដៅស្រប និងបំពេញបន្ថែមទៅលើ “កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២(២០២១-២០៣០)” ដែលបានកំណត់ថា ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការអនុវត្តមុខងារជាកាតព្វកិច្ចមួយ ដែលបានកំណត់នៅក្នុងសមាសភាគទី៥ ដោយផ្តោតលើការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន៕











