ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិនិត្យគម្រោងវិនិយោគ និងធុរកិច្ចចំនួន១០ ក្រោមទុនវិនិយោគជាង៧២លានដុល្លារ និងអាចបង្កើតឱកាសការងារប្រមាណ៨០០កន្លែង។
ព័ត៌មាននេះត្រូវបានបញ្ជាក់ឲ្យដឹង ក្នុងឱកាសលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញ ការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី២៦ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ចចំនួន១០ ដោយមានការអញ្ជើញ ចូលរួមពីតំណាងក្រសួងស្ថាប័ន និងរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។
គម្រោងទាំងនេះ រួមមាន គម្រោងបង្កើតតំបន់ប្រមូលផ្ដុំសហគ្រាសធុនតូច និង មធ្យម (SME Cluster) គម្រោងរោងចក្រកែច្នៃលោហធាតុ គម្រោងរោងចក្រកែច្នៃក្តារបន្ទះ គម្រោងរមណីយដ្ឋាន និង រីសត, គម្រោងសណ្ឋាគារ និងរីសត និងគម្រោងអគារស្នាក់នៅរួម ក្រោមទុនវិនិយោគជាង៧២លានដុល្លារអាម៉េរិក។
លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានសិក្សាអំពីបរិយាកាសវិនិយោគ បច្ចុប្បន្ននៅខេត្តព្រះសីហនុ ពាក់ព័ន្ធស្ថានភាពពិភពលោក តំបន់ និងក្នុងស្រុក ដោយបានសម្ភាសន៍ជាមួយម្ចាស់គម្រោង និងសង្កេតអំពីស្ថានភាពវិនិយោគនៅក្នុងខេត្ត ។
ជាលទ្ធផលអ្នកឆ្លើយសម្ភាសន៍យល់ថា វិធានការថ្មីៗរបស់រាជរដ្ឋាភិបាល បាននិងកំពុងបង្កើត និងស្តារទំនុកចិត្តវិនិយោគ ដែលតាមនេះ សកម្មភាពវិនិយោគក្នុងវិស័យអចលនទ្រព្យ និងទេសចរណ៍ នៅបន្តមានសកម្មភាព ហើយសកម្មភាពវិនិយោគ ក្នុងវិស័យឧស្សាហកម្ម នៅមានសញ្ញាណល្អប្រសើរ ស្របពេលដែលក្រសួងស្ថាប័ន ក្រុមការងារ និង រដ្ឋបាលខេត្តព្រះសីហនុ បាននិងកំពុងបន្តខិតខំទាក់ទាញវិនិយោគ ។
ទន្ទឹមនេះ វិស័យឧស្សាហកម្មក្នុងខេត្តព្រះសីហនុ មាននិន្នាការប្រើប្រាស់វត្ថុធាតុដើម ពីរោងចក្រសហគ្រាសក្នុងស្រុក ដូចជា ឈើដាំក្នុងស្រុក កម្ទេចឈើ ម្សៅដំឡូងមី កៅស៊ូ និង អំបិល ជាដើម ។ និន្នាការនេះ ជាកាលានុវត្តភាពបន្ថែម សម្រាប់ការវិនិយោគ ដែលទាមទារឱ្យមានការបន្តជំរុញ គាំទ្រ និងសម្របសម្រួល ពីក្រសួងស្ថាប័នពាក់ព័ន្ធ ចូលរួមធ្វើកិច្ចការជាមួយគ្នា ដោះស្រាយបញ្ហាជាមួយគ្នា ឱ្យកាន់តែជិតស្និទ្ធ និង ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ។
ជាមួយនេះ លោកបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និងឆន្ទៈខ្ពស់របស់ក្រុមការងារ និង បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និងចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ឱ្យបានជោគជ័យ ហើយត្រូវធ្វើការរួមគ្នាដោយភាពស៊ីសង្វាក់ ដើម្បីដោះស្រាយបញ្ហារបស់វិនិយោគិន “ជាកញ្ចប់” និង មានសង្គតិភាព។
រាល់ការសម្របសម្រួលនីតិវិធី ការផ្តល់ការលើកទឹកចិត្ត និង ការឆ្លើយតបទៅ នឹងតម្រូវការជាក់ស្តែងរបស់ធុរជន ត្រូវតែធ្វើឡើងដោយបុរេសកម្ម ឆាប់រហ័ស និង មានតម្លាភាព ដោយតម្កល់ផលប្រយោជន៍ជាតិជាចម្បង ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច ក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ៕








