កម្ពុជា ​អាល្លឺម៉ង់​ពិភាក្សា​លើ​គម្រោង​លើ​ក​កម្ពស់​ភាពប្រកួតប្រជែង​របស់​សហគ្រាស​នៅ​កម្ពុជា​ដំណាក់​កាល​ទី​២

ដោយៈ ម៉ាលែន

    ភ្នំពេញៈ លោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការបានដឹកនាំការងារថ្នាក់ជាតិនៃគម្រោង ICONE II និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំ កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការចាប់ផ្តើមដំណើរការ គម្រោងលើកកម្ពស់ ភាពប្រកួតប្រជែងរបស់សហគ្រាស នៅកម្ពុជា ដំណាក់កាលទី២។

គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងឯកភាពលើយន្តការមួយចំនួនដូចជា ទី១) សេចកី្តព្រាងកិច្ចព្រមព្រៀងអនុវត្តគម្រោង (Implementation Agreement) និងទី២) ផែនការប្រតិបត្តិគម្រោងឆ្នាំ២០២៦ (Operational Plan 2026)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន១១ និងតំណាងជាន់ខ្ពស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, តំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) និងមន្ត្រីគម្រោង ICONE II សរុបប្រមាណ៥០រូប ។

ភាគីទាំងពីរ បានបញ្ជាក់ជាថ្មី នូវភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងអាល្លឺម៉ង់ ព្រមទាំងបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់លើភាពជោគជ័យ និងសមិទ្ធផល ដែលសម្រេចបានក្រោមគម្រោង ICONE ដំណាក់កាលទី១ និងបានសង្កត់ធ្ងន់ថា គម្រោងICONE ដំណាក់កាលទី២ ដែលនឹង អនុវត្តចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ នឹងជួយពង្រឹងភាពប្រកួតប្រជែង ក្នុងវិស័យឯកជនរបស់កម្ពុជា តាមរយៈការតភ្ជាប់ជាមួយធុរកិច្ចអាល្លឺម៉ង់។

ការណ៍នេះ នឹងគាំទ្រដល់ការធ្វើពិពិធកម្ម សេដ្ឋកិច្ចរបស់កម្ពុជា ឆ្លើយតបទៅនឹងគោលដៅ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ស្របពេលដែលប្រទេសកម្ពុជា កំពុងត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)៕

LEAVE A REPLY

Please enter your comment!
Please enter your name here