ដោយៈ ម៉ាណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានអនុញ្ញាតជូនគណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ព័ត៌មាននេះត្រូវបានបង្ហើបឲ្យដឹង ក្នុងឱកាសលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនេះ គណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ បានជម្រាបជូនអំពីសាវតា និងបច្ចុប្បន្នភាពនៃសកម្មភាពវិនិយោគរបស់ខ្លួន ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងបណ្តាប្រទេសជិតខាងក្នុងតំបន់ ព្រមទាំងចក្ខុវិស័យ លើការពង្រីកវិសាលភាពវិនិយោគ ក៏ដូចជាផែនការវិនិយោគរបស់ខ្លួន ដែលគិតថាស័ក្តិសមទៅនឹងសក្តានុពលជាក់ស្តែងរបស់កម្ពុជា។
ទន្ទឹមនឹងការបង្ហាញពីផែនការវិនិយោគ ភាគីកូរ៉េក៏បានយកឱកាសនេះលើកឡើងនូវចំណុចមួយចំនួន និងសំណូមពរចាំបាច់នានា ដើម្បីជាប្រយោជន៍ ដល់ការប្រតិបត្តិការអាជីវកម្មឱ្យកាន់តែរលូន។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអំណរគុណចំពោះគណៈប្រតិភូធុរកិច្ចកូរ៉េ ដែលបានសម្លឹងឃើញពីសក្តានុពលជាវិជ្ជមានរបស់កម្ពុជា។
លោកស៊ុន ចាន់ថុល បានទទួលស្តាប់នូវរាល់ការលើកឡើងរបស់វិនិយោគិនកូរ៉េ ដោយយកចិត្តទុកដាក់ និងបានជម្រាបជូននូវព័ត៌មានបច្ចុប្បន្នភាពពាក់ព័ន្ធសំខាន់ៗ ដើម្បីស្រាយនូវចម្ងល់ និងបានជាមូលដ្ឋានបន្ថែមសម្រាប់ការសម្រេចចិត្ត ក្នុងនោះរួមមាន៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនអន្តរមធ្យោបាយ ផែនការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅ ផែនការមេភស្តុភារកម្ម ២០២៣-២០៣០ និងការប្រើប្រាស់ថាមពលបៃតង ដែលបច្ចុប្បន្ន កម្ពុជាមានអានុភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនី ចេញពីប្រភពថាមពលកកើតឡើងវិញ ដែលជាថាមពលស្អាត ប្រមាណ៦៣ភាគរយ នៃអានុភាពតម្លើងក្នុងស្រុកសរុប ឈរលំដាប់ទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឡាវ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចផងដែរអំពីការលើកកម្ពស់មុខមាត់ របស់កម្ពុជាលើឆាកអន្តរជាតិ តាមរយៈស្ថាប័នសារព័ត៌មានសេដ្ឋកិច្ចលំដាប់ពិភពលោក Bloomberg ដែលគ្រោងនឹងធ្វើការផ្សាយផ្ទាល់ (Live Broadcasting) នឹងធ្វើចេញពីរាជធានីភ្នំពេញនាថ្ងៃសុក្រ ទី២៤ ខែកក្កដានេះ ផ្ទាល់តែម្តង។
ដើម្បីបង្កើនភាពជឿជាក់ និងធានានូវបរិយាកាសវិនិយោគប្រកបដោយតម្លាភាព លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីយន្តការនានាដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ សំដៅធ្វើឱ្យទំនាក់ទំនងរវាងរដ្ឋនិងផ្នែកឯកជន កាន់តែមានភាពជិតស្និទ្ធ និងបើកចំហរ និងដើរតួជាវេទិកា សម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់ សំដៅរួមគ្នាស្វែងរកដំណោះស្រាយ លើរាល់បញ្ហាប្រឈម ជូនវិនិយោគិនបានទាន់ពេលវេលា។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីពីការត្រៀមលក្ខណៈរួចជាស្រេចរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់កិច្ចសម្របសម្រួលវិនិយោគនានា ជូនដល់គ្រប់ក្រុមហ៊ុនទាំងអស់៕








