សភាពាណិជ្ជកម្ម​កម្ពុជា​ កូរ៉េ​ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ​និង​​ជំរុញ​គម្រោង​រួម​រវាង​វិស័យ​ឯកជន​នៃ​ប្រទេសទាំងពីរ

ដោយៈ ម៉ាណា

    ភ្នំពេញៈ ជំនួបរវាងសភាពាណិជ្ជកម្មកម្ពុជា (CCC) និងសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM)ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញគម្រោងរួមរវាងវិស័យឯកជន នៃប្រ​ទេសទាំងពីរ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបលោក Kim Seong-su ប្រធានសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីជំរុញការតភ្ជាប់ធុរកិច្ច រវាងក្រុមហ៊ុនកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងបានឯកភាពបង្កើតយន្តការ សហប្រតិបត្តិការប្រកបដោយនិរន្តរភាព សំដៅគាំទ្រដល់ការអភិវឌ្ឍវិស័យឯកជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពនឹងចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ (MOU) នាពេលខាងមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យអាទិភាព រួមមាន ការវិនិយោគ ពាណិជ្ជកម្ម ការគាំទ្រធុរកិច្ច ការផ្លាស់ប្តូរព័ត៌មាន និងការជំរុញឱកាសវិនិយោគរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ សភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM)​បានបញ្ជាក់ថានឹងចូលរួមយ៉ាងសកម្មក្នុង ក្រុមការងារទាំង១៦ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (Government-Private Sector Forum: G-PSF) ដែលស្ថិតក្រោមការសម្របសម្រួល របស់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីរួមចំណែកពិភាក្សាលើគោលនយោបាយ និងរបៀបវារៈសេដ្ឋកិច្ចសំខាន់ៗ រួមមាន ការវិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស។

ការចូលរួមនេះនឹងជួយឱ្យសំឡេង និងទស្សនៈរបស់វិនិយោគិន និងសហគ្រាសកូរ៉េ ត្រូវបានឆ្លុះបញ្ចាំងកាន់តែមានប្រសិទ្ធភាព និងរួមចំណែកក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។

ជំនួបនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួម របស់សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបង្កើតឱកាសថ្មីៗ សម្រាប់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ សំដៅរួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាពរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here