អ្នកជំនាញៈ ការ​ធ្វើ​យុទ្ធនាការ​ឌីជីថល​ គឺ​មាន​ “ភាពចាំបាច់” សម្រាប់​ការ​ឈរ​ជើង​លើ​ទីផ្សារ​

ដោយៈ ចំណាន

    ភ្នំពេញៈ លោកឧកញ៉ា ងួន ម៉េងតិចអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ការធ្វើយុទ្ធនាការឌីជីថល គឺមាន“ភាពចាំ​បា​ច់” សម្រាប់ការឈរជើងលើទីផ្សារ និងការរីកចម្រើនរបស់សហគ្រាស។

លោកឧកញ៉ា សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានាពេលនេះ នឹងជួយតម្រាយផ្លូវឱ្យធុរជនយើង មានចំណេះដឹងគ្រប់គ្រាន់ ដើម្បីយកជ័យជម្នះលើទីផ្សារឌីជីថល ព្រមទាំង ស្របតាមទិសដៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តពង្រឹងសមត្ថភាពធុរជនក្នុងស្រុក ជំរុញបរិវត្តកម្មឌីជីថល និងពង្រីកឱកាសនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលប្រកបដោយចីរភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក តែងតែសហការ និងគាំទ្រយ៉ាងសកម្មជាមួយសភាពាណិជ្ជកម្មកម្ពុជា តាមរយៈស្ថាប័ន ជីអេស១ កម្ពុជា (GS1 Cambodia) ក្នុងគោលបំណងជំរុញបរិយាបន្នហិរញ្ញវត្ថុ ការធ្វើពិពិធកម្មផលិតផល ព្រមទាំងការលើកកម្ពស់សក្តានុពលរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) ផងដែរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ហ៊ឹម ភីរម្យ នាយកប្រតិបត្តិសេវាកម្មធនាគារបុគ្គល នៃធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា ដើម្បីឱ្យផលិតផលខ្មែរអាចប្រកួតប្រជែង នៅលើទីផ្សារឌីជីថល នាពេលបច្ចុប្បន្នបាន ម្ចាស់អាជីវកម្មពិតជាចាំបាច់ត្រូវមានទុនគ្រប់គ្រាន់ ការធ្វើទីផ្សារបែបឌីជីថល និងការផ្សព្វផ្សាយម៉ាកយីហោឱ្យមានភាពទាក់ទាញ។

លោកបានបន្ថែមថា ដើម្បីគាំទ្រដល់វឌ្ឍនភាពនេះ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជូននូវឥណទានអាជីវកម្ម ដែលមានអត្រាការប្រាក់សមរម្យបំផុត ចាប់ពី៦,៥% ក្នុងមួយឆ្នាំ ជាមួយរយៈពេលឥណទានវែងរហូតដល់១៥ឆ្នាំ ដែលជួយកាត់បន្ថយទំហំ នៃការបង់ប្រាក់ត្រឡប់មកវិញប្រចាំខែ និងបង្កើនភាពងាយស្រួល ក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់។

សិក្ខាសាលានេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្តល់ជូនអ្នកចូលរួមនូវចំណេះ ជំនាញពាក់ព័ន្ធនឹង៖ យុទ្ធសាស្ត្រទីផ្សារឌីជីថល និងម៉ាកយីហោ តាមបណ្តាញផ្សព្វផ្សាយសង្គម ការថតរូបផលិតផល និងការបង្កើតមាតិកាដែលទាក់ទាញ ទទួលបានចំណេះដឹងអំពីជម្រើ​សហិរញ្ញប្បទាន និងដំណោះស្រាយធនាគារ, ឱកាសផ្គូផ្គងរវាងសិប្បករ ផលិតករ ដៃគូចែកចាយ និងផ្សារទំនើបនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here