ដោយៈ និស្ស័យ
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកលីម ឡោកពិសិដ្ឋ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូខេត្តហៃណាន ដឹកនាំដោយលោក Zhang Bin អគ្គនាយកនៃមន្ទីរពាណិជ្ជកម្មខេត្តហៃហាន នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនោះ រដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ជូនចំពោះ លោក Zhang Bin និងសហការីចំពោះដំណើរទស្សនកិច្ចជាថ្មីម្តងទៀតមកកាន់កម្ពុជា និងបានលើកឡើងអំពីសមិទ្ធផលសំខាន់ៗមួយចំនួនរវាងក្រសួងពាណិជ្ជកម្ម និងភាគីចិន តាមរយៈការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី កិច្ចព្រមព្រៀងជំរុញការនាំចេញ និងផែនការយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការល្អ រវាងក្រសួងពាណិជ្ជកម្មជាមួយនឹងការិយាល័យពាណិជ្ជកម្ម ខេត្តហៃណាននាពេលកន្លងមក។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានបង្ហាញអំពីកាលានុវត្តភាពពាណិជ្ជកម្ម សក្តានុពលនៃផលិតផលកម្ពុជា យន្តការនៃការជំរុញផលិតផលខ្មែរ ការតភ្ជាប់ទីផ្សារនាំចេញ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល តាមរយៈកិច្ចសហប្រតិបត្តិការល្អកម្ពុជា-ចិន និងសក្តានុពលនៃកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណានផងដែរ។
ជាការឆ្លើយតប លោក Zhang Bin បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងថ្នាក់ដឹកនាំ និងក្រុមការងាររវាងស្ថាប័នទាំងពីរនាពេលកន្លងមក ដោយលោកអគ្គនាយក បានជម្រាបជូនអំពីសក្តានុពល នៃកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន ផែនការអភិវឌ្ឍន៍ជាយុទ្ធសាស្រ្ត ក៏ដូចជាគោលនយោបាយជំរុញគាំទ្រ ដល់ការតភា្ជប់នៃវិស័យសំខាន់ៗ របស់កំពង់ផែហៃណានជាមួយនឹងពិភពលោក។
ជាមួយគ្នានេះ លោកបានគូសបញ្ជាក់អំពីកត្តាអំណោយផលពាណិជ្ជកម្ម នៃគំនិតផ្តួចផ្តើមកំពង់ផែពាណិជ្ជកម្មសេរី ខេត្តហៃណាន តាមរយៈគោលនយោបាយជាតិ គាំទ្រដល់វិស័យពាណិជ្ជកម្ម និងវិនិយោគ ឧស្សាហកម្មបៃតង ឧស្សាហកម្មទំនើប កិច្ចសម្រួលពាណិជ្ជកម្ម និងភស្តុភារកម្ម ក៏ដូចជា ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាព សម្រាប់អ្នកវិនិយោគបរទេស ដែលមានប្រតិបត្តិការនៅកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន នាពេលអនាគតផងដែរ៕









