ដោយៈ ចំណាន
ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធទីតាំងដាក់បង្ហាញរថយន្ត Jaguar Land Rover ដែលមានរថយន្តម៉ាក Range Rover និង Defender ដែលទទួលសិទ្ធិ ក្នុងការចែកចាយដោយក្រុមហ៊ុន HGB Prime Co., Ltd. នៅកម្ពុជា។
ពិធីនេះមានការអញ្ជើញចូលរួមពី លោករដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ឧកញ៉ា ង៉ូវ លាងហួត ប្រធានក្រុមហ៊ុន HGB Prime Co., Ltd. លោក Garth Turnbull នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Jaguar Land Rover តំណាងស្ថានទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ធុរជន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ថា ការបើកដំណើរការ ទីតាំងដាក់បង្ហាញរថយន្តនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិស័យឯកជន ចំពោះបរិយាកាសវិនិយោគដ៏អំណោយផល និងសក្តានុពលកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងបង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការទាក់ទាញម៉ាកល្បី លំដាប់អន្តរជាតិឱ្យមកវិនិយោគ និងពង្រីកអាជីវកម្ម។

លោកជំទាវរដ្ឋមន្ត្រីបន្ថែមថា “ការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន មិនត្រូវបានវាស់វែងត្រឹមតែកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំង តាមរយៈការកើនឡើងនៃស្តង់ដារគុណភាព ទំនើបភាពទីផ្សារ និងទំនុកចិត្តក្នុងការឈានទៅរកឧត្តមភាព”។ លោកជំទាវបានបន្តថា “វឌ្ឍនភាពនេះ ត្រូវបានបង្ហាញឡើងតាមរយៈកិច្ចសហការ រវាងសហគ្រាសកម្ពុជា និងម៉ាកល្បីលំដាប់អន្តរជាតិ ការអភិវឌ្ឍជាបន្តបន្ទាប់របស់វិស័យឯកជន ព្រមទាំងការផ្តល់ជូននូវផលិតផល សេវាកម្ម និងបទពិសោធន៍ ដែលមានគុណភាពខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការ និងការរំពឹងទុកកាន់តែខ្ពស់របស់អ្នកប្រើប្រាស់កម្ពុជា”។
លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងថា ទីផ្សារអ្នកប្រើប្រាស់នៅកម្ពុជា កំពុងមានការវិវត្តជាបន្តបន្ទាប់ ដោយតម្រូវការកាន់តែកើនឡើងចំពោះគុណភាព នវានុវត្តន៍ និងផលិតផល ព្រមទាំងសេវាកម្មលំដាប់ស្តង់ដារអន្តរជាតិ បានជំរុញឱ្យធុរកិច្ចបន្តលើកកម្ពស់ស្តង់ដារ ពង្រឹងសមត្ថភាពប្រកួតប្រជែង និងបង្កើតតម្លៃបន្ថែមជូនអ្នកប្រើប្រាស់៕








