ប្រទេសចិននឹងប្រារពកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគចិន-អា ស៊ាននាពេលខាងមុខ

ដោយៈ ម៉ាណា

    ភ្នំពេញៈ អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រីយ៉េ យ៉ាន (Ye Yan) ប្រធានលេខាធិការដ្ឋាន កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគចិន-អាស៊ាន (CABIS)។​

ក្នុងជំនួបនេះ លោកស្រី យ៉េ យ៉ាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ាលី ឃុនថៃ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យរូបលោកស្រី និងសហការីចូលជួបពិភាក្សាការងារ។ លោកស្រីប្រធានលេខាធិការដ្ឋាន បានលើកឡើងអំពីគោលបំណងនៃកិច្ចជំនួបនេះ គឺដើម្បីពិភាក្សាអំពីការសហការ និងការអញ្ជើ​ញសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមកម្មវិធីកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគចិន-អាស៊ាន នាខែកញ្ញាខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីក៏បានជម្រាបអំពី ការសម្ពោធប្រើប្រាស់ផ្លូវការនូវព្រែកជីកពីងលូ (Pinglu Canal) និងការបង្កើតឡើង មជ្ឈមណ្ឌលបញ្ញាសិប្បនិម្មិត (AI Center) នៅទីក្រុងណាននីង។​

លោកស្រីក៏បានរំលេចផងដែរថា នេះគឺជាលើកទីបី ដែលលោកស្រីបានមកប្រទេសកម្ពុជា ហើយលោកស្រីពិតជាមានការចាប់អារម្ម​ណ៍ជាខ្លាំង ជាមួយការអភិវឌ្ឍនៃប្រទេសកម្ពុជា ដោយមានការរីកចម្រើនជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ ព្រលានយន្តហោះថ្មី សេដ្ឋកិច្ច និងទីក្រុង។

ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា លី ឃុនថៃ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់លេខាធិការដ្ឋាន កិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគចិន-អាស៊ាន ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យឯកជន និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម។

អ្នកឧកញ៉ា លី ឃុនថៃ បានមានប្រសាសន៍អំពីទំនាក់ទំនងដ៏ល្អ និងយូរអង្វែងរវាងកម្ពុជា-ចិន ហើយក៏បានកត់សម្គាល់ឃើញផងដែរថាតាម រយៈទំនាក់ទំនងនៃប្រទេសទាំងពីរ ក៏បាននាំមកនូវការរីកចម្រើនផ្នែកពាណិជ្ជកម្ម និងការវិនិយោគជាច្រើន ពោលប្រទេសចិនគឺជាប្រទេស ដែលមានការវិនិយោគខ្ពស់ជាងគេនៅកម្ពុជា​។

អ្នកឧកញ៉ា បានបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា គាំទ្រដល់ការរៀបចំកម្មវិធីកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគចិន-អាស៊ាន កិច្ចសហប្រតិបត្តិការក្រុមប្រឹក្សាធុរកិច្ចចិន -អាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here