ដោយៈ និស្ស័យ
ភ្នំពេញៈ ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ មិនអាចសម្រេចបាន ដោយក្រសួងទេសចរណ៍តែម្នាក់ឯងនោះទេ ប៉ុន្តែត្រូវការកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល អង្គការដៃគូ វិស័យឯកជន និងសហគមន៍មូលដ្ឋាន ដើម្បីបង្កើតឱកាសសេដ្ឋកិច្ច រក្សាធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព។
ព័ត៌មាននេះត្រូវបានលើកឡើងដោយលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាជាមួយអង្គការដៃគូ ដែលធ្វើការពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដើម្បីស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពការងារសហគមន៍ទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍ និងបទពិសោធន៍ពីអង្គការដៃគូ ព្រមទាំងផ្លាស់ប្តូរទស្សនៈ និងគំនិតផ្តួចផ្តើមថ្មីៗ ក្នុងគោលដៅស្វែងរកកាលានុវត្តភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ ប្រកបដោយចីរភាព។
កិច្ចប្រជុំដ៏មានសារៈនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងតំណាងអង្គការដៃគូជាតិ និងអន្តរជាតិ ដែលធ្វើការពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងសហគមន៍ទេសចរណ៍ ចំនួន១៤ រួមមាន៖ អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA)អង្គការដើម្បីជីវភាព និងព្រៃឈើ(FLO) អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP Cambodia) អង្គការម្លប់បៃតង (Mlup Baitong) អង្គការឡែនឌីហ្សា អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជាជាដើម។
ថ្លែងក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ ដល់ការអភិវឌ្ឍសហគមន៍ទេសចរណ៍ ដោយចាត់ទុកវិស័យទេសចរណ៍ ជាកម្លាំងចលករសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលនៅមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងទប់ស្កាត់ការធ្វើចំណាកស្រុក។
បន្ទាប់ពីស្តាប់របាយការណ៍ និងមតិយោបល់ពីអង្គការដៃគូ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ តាមរយៈយន្តការដែលមានស្រាប់ និងយន្តការថ្មីៗ ដូចជាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប និងបណ្តាញអេកូទេសចរណ៍តំបន់ទន្លេមេគង្គ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានស្នើឱ្យអង្គការដៃគូធ្វើការចែករំលែកព័ត៌មានអំពីទីតាំងគម្រោង សហគមន៍ដែលកំពុងទទួលការគាំទ្រ សកម្មភាពដែលបានគ្រោងទុក និងវិស័យសក្តានុពលនានា ដើម្បីឱ្យក្រសួងទេសចរណ៍អាចសម្របសម្រួល និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសបានកាន់តែមានប្រសិទ្ធភាព៕













