ក្រុម Influencers ថ្មីៗ​បង្ហាញ​ពី​សក្តានុពល​កម្ពុជា ​តាម​រយៈ​កម្មវិធី “ស្រុកខ្មែរ ​សប្បាយ​អញ្ចឹង”

ដោយៈ នរៈជ័យ

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ គាំទ្រដល់កម្មវិធីបង្ហាញសក្តានុពលទេសចរណ៍ក្នុងស្រុក “ស្រុកខ្មែរ សប្បាយអ៊ីចឹង” ដែលផលិតដោយក្រុមហ៊ុនផលិតករ និងក្រុមInfluencers ល្បីៗ ដូចជាពូបារាំង។

ព័ត៌មាននេះត្រូវបានបង្ហាញក្នុងឱកាស លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Jeremie Alliance Piquard (ពូបារាំង)និងក្រុមការងារផលិតកម្មវិធី “ស្រុកខ្មែរ សប្បាយអ៊ីចឹង” ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហការក្នុងការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា ស្នើសុំកិច្ចគាំទ្រ តាមលើការផលិតមាតិកា ទេសចរណ៍ដែលបង្ហាញពីវប្បធម៌ ប្រពៃណី ជីវភាពរស់នៅ និងបទពិសោធន៍ទេសចរណ៍ ពិតប្រាកដរបស់កម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោក Jeremie Alliance Piquard (ពូបារាំង) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនលោក និងក្រុមការងារចូលជួបពិភាក្សាការងារ ដើម្បីធ្វើបទបង្ហាញអំពីគម្រោងផលិតកម្មវិធី  “ស្រុកខ្មែរ សប្បាយអ៊ីចឹង” រដូវកាលទី១ ដែលមានគោលបំណងចូលរួមផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា តាមរយៈការបង្ហាញពីសម្រស់ធម្មជាតិ បេតិកភណ្ឌវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបទពិសោធន៍ធ្វើដំណើរពិតប្រាកដនៅតាមគោលដៅទេសចរណ៍នានា។

ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញពីការស្នើសុំ កិច្ចគាំទ្រពីក្រសួងទេសចរណ៍ និងការប្តេជ្ញាចិត្តក្នុងការផលិតខ្លឹមសារ ដែលឆ្លុះបញ្ចាំងពីកត្តាសុខសន្តិភាព សុវត្ថិភាព ភាពសម្បូរបែបនៃតំបន់ទេសចរណ៍ និងសហគមន៍មូលដ្ឋាន ក្នុងការផលិត និងផ្សព្វផ្សាយមាតិកាទេសចរណ៍ប្រកបដោយគុណភាព តាមរយៈបណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីបង្ហាញជូនទស្សនិកជនអំពីកម្ពុជា ជាគោលដៅទេសចរណ៍ដែលសម្បូរទៅដោយបទពិសោធន៍ វប្បធម៌ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលអាចចូលរួម​ចំណែក ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះគំនិតផ្តួចផ្តើមរបស់លោក Jeremie Alliance Piquard (ពូបារាំង) និងក្រុមការងារ ក្នុងការផលិតកម្មវិធី  “ស្រុកខ្មែរ សប្បាយអ៊ីចឹង” ដែលរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅដល់ប្រជាជនកម្ពុជា និងពិភពលោក ដែលត្រូវបានចាត់ទុកជា “មាសបៃតង” ដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែនប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងជា “ឆ្អឹងខ្នងសេដ្ឋកិច្ច” ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកហួត ហាក់ បានស្នើក្រុមការងារយកចិត្តទុកដាក់ខ្ពស់លើគុណភាពខ្លឹមសារ និងរូបភាពក្នុងគ្រប់ភាគនៃកម្មវិធី ព្រមទាំងផ្តោត លើការបង្ហាញពីអត្តសញ្ញាណពិសេសរបស់កម្ពុជា រួមមានវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសកម្មភាពតាមសហគមន៍ ដូចជាការប្រមូលផល ការផលិតស្ករត្នោត និងពិធីបុណ្យប្រពៃណីផ្សេងៗ ដើម្បីបង្ហាញថា “ទេសចរណ៍កម្ពុជា គឺជាទេសចរណ៍ផ្សារភ្ជាប់បទពិសោធន៍ជាក់ស្តែង” ព្រមទាំងបានលើកទឹកចិត្ត ក្រុមការងារបន្តផ្សព្វផ្សាយព័ត៌មានវិជ្ជមាន និងសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីគាំទ្រយុទ្ធនាការ “ទស្សនាកម្ពុជា នារដូវបៃតង” និងពង្រីកការផ្សព្វផ្សាយកម្ពុជា ទៅកាន់ទស្សនិកជនជាតិ និងអន្តរជាតិ ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងទេសចរណ៍ក្នុងការផ្សព្វផ្សា​យវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here