រដ្ឋមន្រ្តី​គាំទ្រ​សហគមន៍​អេកូ​ទេសចរណ៍​ចំបក់​ និង​សន្យា​ជម្រុញ​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​ធម្មជាតិ​

ដោយៈ ចំណាន

    កំពង់ស្ពឺៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ បានជួបសំណេះសំណាល ជាមួយសហគមន៍អេកូទេសចរណ៍ចំបក់ ជាសហគមន៍មួយផ្សារភ្ជាប់ជាមួយទឹកជ្រោះ និងធម្មជាតិស្រស់បំព្រង។

ជំនួបសំណេះសំណាលនេះ ក៏ធ្វើឡើងក្នុងគោលបំណងស្តាប់របាយការណ៍វឌ្ឍនភាព ស្វែងយល់ពីបញ្ហាប្រឈម ព្រមទាំងទទួលយកសំណូមពរ និងមតិយោបល់ពីប្រជាសហគមន៍ ដើម្បីរួមគ្នាកំណត់ទិសដៅអភិវឌ្ឍន៍ទេសចរណ៍ សហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់សហគមន៍អេកូទេសចរណ៍ចំបក់ ដែលបានរួមគ្នាអភិរក្សធនធានធម្មជាតិ ការពារបរិស្ថាន និងបង្កើតផលិតផលទេសចរណ៍បែបសហគមន៍ ដែលផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកបញ្ជាក់ថា “ក្រសួងទេសចរណ៍ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម ការអភិវឌ្ឍផលិត​ផលទេសចរណ៍ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្សព្វផ្សា​យគោលដៅទេសចរណ៍ សហគមន៍ឱ្យកាន់តែទូលំទូលាយ”។

លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យសហគមន៍ បន្តថែរក្សាធនធានធម្មជាតិ ពង្រឹងភាពស្អាត អនាម័យ សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ ដើម្បីបង្កើនបទពិសោធន៍របស់ភ្ញៀវទេសចរ និងធ្វើឱ្យសហគមន៍ក្លាយជាគំរូ នៃការអភិវឌ្ឍទេសចរណ៍ ប្រកបដោយចីរភាព និងបរិយាបន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here