ថ្នាលផ្ទៀងផ្ទាត់ឯកសារកម្ពុជា verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសថា ថ្នាលផ្ទៀងផ្ទាត់ឯកសារverify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈ របស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៦។

ថ្នាលនេះ ជាសេវាសាធារណៈដែលមានតម្លាភាព និងគណនេយ្យភាព បន្ទាប់ពីឆ្លងកាត់ការជម្រុះជាច្រើនលើក ក្នុងចំណោមប្រព័ន្ធចំនួនជាង៧០០ មកពី៦២ប្រទេសជុំវិញពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងប្រកាសថា ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនកម្ពុជានៅក្នុងវេទិកាសេវាសាធារណៈ អង្គការសហប្រជាជាតិ(United Nations Public Service Forum) ក្រោមប្រធានបទ “បរិវត្តកម្មស្ថាប័នសាធារណៈ៖ ការលើកកម្ពស់នវានុវត្តន៍ គណនេយ្យភាព ការចូលរួម និងបរិយាបន្ន” នៅទីក្រុងប៊ីលីស៊ី ប្រទេសហ្ស៊កហ្ស៊ី។

ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនរាជរដ្ឋាភិបាលបានសម្រេចដាក់ ឱ្យប្រើប្រាស់ថ្នាល verify.gov.kh ជាថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២៣ ដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញបរិវត្តកម្មឌីជីថលសេវាសាធារណៈ។

ក្រោមចក្ខុវិស័យដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក.ប.ទ. តែងតែយកចិត្តទុកដាក់និងខិតខំអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ដើម្បីជំរុញល្បឿនបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។ ថ្នាលverify.gov.kh ត្រូវបានធ្វើវិសិដ្ឋកម្មជាបន្តបន្ទាប់ ដែលធ្វើឱ្យថ្នាលនេះកាន់តែមានសក្តានុពល ដោយបានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មាត្រសម្បទា មានភាពបត់បែន និង​ភាពធន់ផ្នែកសន្តិសុខសាយប័រ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ រហូតធ្វើឱ្យថ្នាល verify.gov.kh ត្រូវបានទទួលស្គាល់ថាជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលទី៤ នៅលើសកលលោក និងបាននិងកំពុងចែករំលែក ជាមួយបណ្ដាប្រទេសមួយចំនួនផងដែរ។

កន្លងមកថ្នាល verify.gov.kh របស់កម្ពុជា ក៏ធ្លាប់ដណ្តើមបានមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី និងពានរង្វាន់សេវាឌីជីថលឆ្នើម នៃវេទិកាកំពូលសកលស្តីពីសង្គមព័ត៌មានវិទ្យា លើកទី២០ នៅប្រទេសស្វ៊ីសផងដែរ។

ក្រសួងប្រៃសណីយ៍បញ្ជាក់ថា “ជោគជ័យនេះបានបង្ហាញអំពីសមិទ្ធផលប្រកបដោយផ្លែផ្កា នៃការខិតខំបង្កើតដំណោះស្រាយឌីជីថលរបស់ ក.ប.ទ. និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ដែលមានការទទួលស្គាល់ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ព្រមទាំងធ្វើឱ្យពិភពលោកបានស្គាល់នូវស្នាដៃរបស់កូនខ្មែរ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here