ដោយៈ ចំណានៈ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តសៀមរាប ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ បានរៀបចំប្រារព្ធទិវាយោគៈអន្តរជាតិលើកទី១២ ក្រោមប្រធានបទ “យោគៈសម្រាប់សុខភាពវ័យចាស់” (Yoga for Healthy Ageing)។
ពិធីនេះបានប្រារពធ្វើ នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប។ ព្រឹត្តិការណ៍នាព្រឹកដ៏សែនមនោរម្យនេះ ត្រូវបានប្រកាសបើកក្រោមអធិបតីភាពរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត សាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកប៉ុន សុខ ជាតំណាងក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីពាក់ព័ន្ធ។
ការប្រារព្ធទិវាយោគៈអន្តរជាតិលើកទី១២ នេះ ពុំត្រឹមតែបានចូលរួមលើកកម្ពស់ គុណប្រយោជន៍សុខភាព ដែលកើតចេញពីការហាត់យោគៈ ដែលត្រូវបានទទួលស្គាល់ជាសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយជំរុញ ការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារឥណ្ឌា និងទីផ្សារអន្តរជាតិ ស្របពេលដែលឆ្នាំ២០២៦ ត្រូវបានបន្តជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា។
ជាពិសេស ព្រឹត្តិការណ៍នេះបានរួមចំណែក ផ្សព្វផ្សាយផលិតផលទេសចរណ៍សុខុមាលភាព (Wellness Tourism) ដែលកម្ពុជាកំពុងអភិវឌ្ឍ និងលើកកម្ពស់ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលកំពុងស្វែងរកការសម្រាកលំហែកាយ ការថែទាំសុខភាព និងតុល្យភាពផ្លូវចិត្ត។
ទន្ទឹមនឹងនេះ លោក Vanlalvawna Bawitlung បានលើកឡើងថា ប្រធានបទ “យោគៈសម្រាប់សុខភាពវ័យចាស់” សម្រាប់ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការទទួលស្គាល់ កាន់តែទូលំទូលាយរបស់សហគមន៍អន្តរជាតិ ចំពោះតួនាទីរបស់យោគៈក្នុងការលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។
លោកបន្តថា យោគៈដែលមានប្រភពកំណើត ពីប្រទេសឥណ្ឌាតាំងពីបុរាណ ត្រូវបានអនុវត្តយ៉ាងទូលំទូលាយ នៅជុំវិញពិភពលោក និងទទួលបានការគាំទ្រពីប្រទេសចំនួន១៧៧ ក្នុងការប្រកាសទទួលស្គាល់ថ្ងៃទី២១ ខែមិថុនា ជាទិវាយោគៈអន្តរជាតិ របស់អង្គការសហប្រជាជាតិ។
តាមរយៈកិច្ចសហការរួមគ្នារៀបចំ ទិវាយោគៈអន្តរជាតិលើកទី១២ដ៏មានសារៈសំខាន់នេះ រវាងក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ឥណ្ឌា ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ អប់រំ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
ជាមួយគ្នានេះ ព្រឹត្តិការណ៍ក៏បានរួមចំណែក ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់កម្ពុជា និងឥណ្ឌា ដើម្បីឈានទៅសម្រេចបាននូវលទ្ធផល និងសមិទ្ធផលវិជ្ជមានបន្ថែមទៀតដល់ការអនុវត្ត “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ២០២៥”។
កម្ពុជា បានប្រារព្ធទិវាយោគៈអន្តរជាតិជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១៥ មក ហើយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក៏បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នរដ្ឋ គ្រឹះស្ថានអប់រំ និងដៃគូពាក់ព័ន្ធនានា ក្នុងការផ្សព្វផ្សាយការអនុវត្តយោគៈ និងរបៀបរស់នៅប្រកបដោយសុខភាពល្អនៅកម្ពុជា។
បន្ទាប់ពីព្រឹត្តិការណ៍នៅខេត្តសៀមរាបនេះ ទិវាយោគៈអន្តរជាតិលើកទី១២ នឹងបន្តប្រារព្ធធ្វើនៅរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង៦ព្រឹក នៅបរិវេណសួនច្បារតេជោមាស និងតេជោយ៉ាត ខាងមុខវត្តឧណ្ណាលោម (ផ្លូវថ្មើរជើងចតុមុខ)៕








