ដោយៈ ចំណាន
អូស្រ្តាលីៈ លោកប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង បានដឹកនាំប្រតិភូកម្ពុជា ចូលរួមសម្ភោធការតាំងពិព័រណ៍រូបចម្លាក់ខ្មែរ នៅក្នុងប្រទេសអូស្រ្តាលី។
ពិព៌ណនេះបានរៀបចំធ្វើនាទីក្រុងស៊ីដនីយ៍ ប្រទេសអូស្រ្តាលី និងមានការចូលរួមជាមួយឯកឧត្តម បុង សុវត្តិ តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាសមាជិកគណ:កម្មាធិការអន្តរក្រសួង និងសហការីបានអញ្ជើញចូលរួមសម្ភោធការតាំងពិព័រណ៍រូបចម្លាក់ខ្មែរ នៅក្នុងប្រទេសអូស្រ្តាលី។
ការតាំងពិព័រណ៍នេះ ជាប្រភេទពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល៤ខែ ចាប់ពីថ្ងៃទី២០ ខែមីថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅក្នុងវិចិត្រសាលសិល្បៈ New South Wales (The Art Gallery of New South Wales)។ ពិព័រណ៍នេះមានចំណងជើងថា Avatar: Forms of Vishnu ដែលនឹងមានរូបចម្លាក់បង្ហាញអំពីទម្រង់ Avatar របស់ព្រះវិស្ណុ ចំនួន៩រូបចម្លាក់ (ថ្ម៖ ៥រូបចម្លាក់ សំរឹទ្ធិ៖១រូបចម្លាក់ និងគំនូរ៖៣ផ្ទាំង) មកពីព្រះរាជាណាចក្រកម្ពុជា ដាក់តាំងបង្ហាញ រួមគ្នាជាមួយរូបចម្លាក់ផ្សេងៗទៀតដែលបង្ហាញអំពីទម្រង់របស់ព្រះវិស្ណុ សរុបចំនួនប្រមាន២០០រូបចម្លាក់ មកពីសារមន្ទីរល្បីៗនៅលើពិភពលោករួមមាន៖ National Museum of New Delhi, CSMVS in Mumbai, MAP in Bengaluru, British Museum, Ashmolean Museum, National Gallery of Australia, National Gallery of Victoria, and Art Gallery of New South Wale នាប្រទេសអូស្រ្តាលីផ្ទាល់។
រូបទាំង៩រូបចម្លាក់មកពីព្រះរាជាណាចក្រកម្ពុជា ដែលយកមកតាំងបង្ហាញនៅក្នុងពិព័រណ៍នេះ ជារូបចម្លាក់បង្ហាញអំពីទម្រង់ Avatar របស់ព្រះវិស្ណុ ស្ថិតក្នុងសិល្បៈសម័យមុនអង្គរ សម័យអង្គរ និងសាច់រឿងព្រះវិស្ណុបង្ហាញនៅក្នុងគំនូរសម័យក្រោយអង្គរ។
នេះមិនមែនជាលើកទីមួយទេ ដែលការតាំងពិព័រណ៍រូបចម្លាក់ខ្មែរធ្វើឡើងនៅក្នុងប្រទេសអូស្រ្តាលី ប៉ុន្តែសម្រាប់រយៈពេលប្រមាណប្រាំឆ្នាំចុងក្រោយ ការតាំងពិព័រណ៍មិនអចិន្រ្តៃយ៍ អំពី Avatar ព្រះវិស្ណុនាពេលនេះ គឺជាលើកទី១ហើយ ដែលមានការនាំយករូបចម្លាក់ខ្មែរមកតាំងបង្ហាញនៅក្នុងទឹកដីប្រទេសអូស្រ្តាលី៕











