ដោយៈ ម៉ាណា
ភ្នំពេញៈ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ញើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកក្នុងពិធីប្រកាសតែងតាំង ឯកឧត្ដម គួច ផេង ជាកុងស៊ុលកិត្តិយស នៃប្រទេសរូម៉ានី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះក៏មានការកិច្ចស្វាគមន៍ ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកដាសៀន ស៊ីអូឡូស ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីរូម៉ានី និងជាបេក្ខភាពអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអបអរសារទរចំពោះ លោកគួច ផេង ដែលទទួលបានការតែងតាំងជាកុងស៊ុលកិត្តិយស នៃប្រទេសរូម៉ានី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងរូម៉ានី ចំពោះការផ្ដល់តម្លៃលើសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការ បានកត់សម្គាល់អំពីសមិទ្ធផលទ្វេភាគីសំខាន់ៗ រវាងកម្ពុជានិងរូម៉ានី ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ប្រកបដោយមោទនភាព នាចុងឆ្នាំ២០២៦ ខាងមុខនេះ៕








